ក្រោមការអំពាវនាវរបស់សម្តេចតេជោ អ្នកឧកញ៉ា ម៉ម វណ្ឌី និងអ្នកឧកញ៉ា អ៉ឹង លីហេង ផ្តល់ផ្ទះ៩៤ខ្នង ជូនអតីតយុទ្ធជន


(ស្ទឹងត្រែង)៖ អ្នកឧកញ៉ា ម៉ម វណ្ឌី និងអ្នកឧកញ៉ា អ៊ឹង លីហេង ដែលជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់ផ្ទះចំនួន៩៤ខ្នង ជូនដល់អតីតយុទ្ធជននៅក្នុង​ខេត្ត​ស្ទឹងត្រែង។ ការឧបត្ថម្ភនេះ ធ្វើឡើងតបទៅនឹងការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន។

ក្នុងដំណើរចុះសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់​ដឹក​នាំមន្ទីរ អង្គភាពនានានៅតាមបណ្តាខេត្ត ការយកចិត្តទុកដាក់ទៅលើការរស់នៅរបស់អតីតយុទ្ធ​ជន គឺជាកិច្ចការមួយដែលសម្តេចតេជោ ហ៊ុន សែន តែងក្រើនរំលឹកដល់អាជ្ញាធរឱ្យយកចិត្តទុក​ដាក់​ និងគិតគូរឱ្យបានខ្ពស់។

ក្នុងកិច្ចសំណេះសំណាលនៅខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦​នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យអាជ្ញាធរខេត្តយកចិត្តទុកដាក់ទៅលើជីវភាព និង​ការ​រស់នៅរបស់អតីតយុទ្ធជន ដែលជាសុទ្ធសឹងជាអ្នកមានគុណបំណាច់សម្រាប់ជាតិមាតុ​ភូមិ។

មានប្រសាសន៍ដល់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសួរនាំទៅឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ពីស្ថានភាពរស់នៅរបស់អតីតយុទ្ធជនក្នុងខេត្តស្ទឹងត្រែង។ ឯកឧត្តម សរ សុពុត្រា បានជម្រាបសម្តេចតេជោ ពីកង្វះផ្ទះសម្បែងមួយចំនួនទៀតជូនដល់អតីតយុទ្ធជ។

ក្រោយទទួលបានរបាយការណ៍នេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅកាន់សប្បុរស​ជនជួយដោះស្រាយបញ្ហាខ្វះផ្ទះនេះ។

តបការអំពាវនាវនេះ អ្នកឧកញ៉ា ម៉ម វណ្ឌី បានប្រកាសឧបត្ថម្ភផ្ទះ ៥០ខ្នង ហើយអ្នកឧកញ៉ា អ៊ឹង លីហេង ប្រកាសឧត្ថម្ភផ្ទះ៤៤ខ្នង៕