ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញប្រកាសបញ្ចូលសមាជិក សមាជិកាថ្មី ចំនួន ២០១៨ នាក់ មកពីភូមិទាំង៧ ក្នុងឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។
ក្នុងឱកាសសំណេះសំណាលជាមួយសមាជិក សមាជិកាថ្មី ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់ប្រធានគណបក្សនៅមូលដ្ឋាន ក៏ដូចជាក្រុមការងារស្នូល ក្នុងស្រុកបាធាយ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការចិញ្ចឹម ចលនាសមាជិកបក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្ស រាល់ពេលពួកគាត់ មានតម្រូវការ និងសំណូមពរ ឬជួបបញ្ហាផ្សេងៗ ពិសេសគឺត្រូវផ្សារភ្ជាប់ ទៅនឹងការផ្តល់ និងទទួល សេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ក្រៅពីនោះត្រូវបន្តពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អផងដែរ។
ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ដែលត្រូវបង្កើនការយកចិត្តទុកដាក់ លើការធ្វើអំពើល្អ រាល់សកម្មភាពបក្ស ទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់ នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាង កម្លាំងឱ្យកាន់តែមុតមាំ ក្នុងការប្រជែងយកជ័យជម្នះ លើការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ពោលគឺសមាជិកបក្សម្នាក់ រាប់ជាសន្លឹកឆ្នោតបានការ ១សន្លឹក។
ស្ថិតក្នុងឱកាសនោះ តំណាងសមាជិកគណបក្សប្រជាជនថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំប្រតិបត្តិ ឱ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជន ជាពិសេសគឺគាំទ្រយ៉ាងពេញ ទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការការពារ បូរណភាពទឹកដី អធិបតេយ្យភាពជាតិផងដែរ ៕





















