ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជួបសំណេះសំណាល ជាមួយកម្មសិក្សាការី និងពលករជំនាញកម្ពុជា នៅខេត្តស៊ីហ្សីអូកា


ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃកម្ពុជាប្រចាំ ប្រទេសជប៉ុន បានជួបសំណេះសំណាលជាមួយកម្មសិក្សាការី និងពលករជំនាញកម្ពុជានៅខេត្តស៊ីហ្សីអូកា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ដោយបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្នុងការការពារសិទ្ធិ សុខុមាលភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ និងបម្រើការងារ នៅប្រទេសជប៉ុន។

កម្មវិធីនេះមានការចូលរួមពី លោក OTA Yasu អភិបាលស្រុកម៉ូរី លោក YAMAMOTO Yuzo សមាជិកសភាតំណាងរាស្ត្រ លោក MATSUI Keisoke ប្រធានក្រុមហ៊ុន Matsui Konpo Co., Ltd. លោក KUSAMURA Sota ប្រធានក្រុមហ៊ុន SDM Co., Ltd. តំណាងដៃគូជប៉ុន និងកម្មសិក្សាការី ពលករជំនាញកម្ពុជាប្រមាណ១២០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងកម្ពុជា-ជប៉ុន ចាប់តាំងពីប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២៣។ លោកបានលើកឡើងថា ប្រទេសជប៉ុននៅតែជាដៃគូដ៏សំខាន់មួយរបស់កម្ពុជា ជាពិសេស ក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស ការផ្ទេរជំនាញ ការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរចំពោះកម្មសិក្សាការី និងពលករជំនាញកម្ពុជាទាំងអស់ដែល បានដើរតួនាទីជាស្ពានមិត្តភាពរវាងកម្ពុជា និងជប៉ុន ហើយបានលើកទឹកចិត្តឱ្យខិតខំសិក្សារៀនសូត្រ និងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន ដើម្បីយកបទពិសោធន៍ និងចំណេះដឹងទៅ ចូលរួមអភិវឌ្ឍមាតុប្រទេសនាពេលអនាគត។

ឯកឧត្តមក៏បានអំពាវនាវឱ្យគោរពច្បាប់ និងបទប្បញ្ញត្តិរបស់ ប្រទេសជប៉ុន ប្រកាន់ខ្ជាប់នូវអាកប្បកិរិយាល្អ ជៀសវាងរាល់សកម្មភាពខុសច្បាប់ និងយកចិត្តទុកដាក់ ការពារខ្លួនពីគ្រោះមហន្តរាយធម្មជាតិ និងហានិភ័យសុខភាពផ្សេងៗ។ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ជាថ្មីថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នឹងបន្តផ្តល់សេវា កុងស៊ុល កិច្ចគាំពារផ្នែកការងារ និងជំនួយចាំបាច់ផ្សេងៗជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសជប៉ុន។

ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យសហគមន៍ខ្មែរនៅជប៉ុនបន្តរក្សាសាមគ្គីភាព ជួយគាំទ្រគ្នាទៅវិញទៅមក និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហគមន៍ និងវប្បធម៌នានា ដើម្បីរួមចំណែកពង្រឹង ចំណងមិត្តភាព និងការយល់ដឹងទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានបន្តផ្តល់ការគាំទ្រ និង រួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជានៅប្រទេសជប៉ុន។ លោកក៏បានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ស្ថានឯកអគ្គរាជទូត ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាពដ៏រឹងមាំ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងជប៉ុន៕