នៅថ្ងៃអាទិត្យ ១៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញអធិបតីក្នុងពិធីសំណេះសំណាលជាមួយសាខាបក្ស ក្រុមបក្ស គ្រួសារបក្ស និងយុវជនបក្ស ចំនួន ៧៥០នាក់ មកពីសាខាបក្សភូមិចំនួន ២ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក, ឯកឧត្តម លោក លោកស្រី ជាក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ, និងគណៈកម្មាធិការគណបក្សថ្នាក់ស្រុក ឃុំ ផងដែរ។
ពិធីសំណេះសំណាលនេះ បានរៀបចំឡើងដាច់ដោយឡែកពីគ្នានៅទីតាំងចំនួន ២ កន្លែង គឺទីតាំងទី១៖ នៅសាលាបុណ្យត្រពាំងនាគភូមិវាលស្បូវ ទីតាំងទី២៖ នៅសាលាបុណ្យភូមិរមាស ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ តាមរយៈរបាយការណ៍ស្វាគមន៍ ដោយលោកស្រី ស ផល្លី ប្រធានសាខាបក្សភូមិវាលស្បូវ បានបញ្ជាក់ថា៖ សាខាបក្សភូមិវាលស្បូវ មានក្រុមបក្សចំនួន ៥៨ក្រុម គ្រួសារបក្សចំនួន ៣៨៧ គ្រួសារ ដែលមានសមាជិកសរុបចំនួន ៧៨៩នាក់ ។ រីឯលោក ទុំ សន អនុប្រធានសាខាបក្សភូមិរមាស បានធ្វើរបាយការណ៍ជូនថា សាខាបក្សភូមិរមាស មានក្រុមបក្សចំនួន ៤៦ក្រុម គ្រួសារបក្សចំនួន ៣៥៦គ្រួសារ ដែលមានសមាជិកសរុបចំនួន ៦៨០នាក់។
អញ្ជើញមានប្រសាសន៍សំណេះសំណាលនៅតាមទីតាំងនីមួយៗ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកគណបក្សទាំងអស់ដែលតែងតែស្រឡាញ់ ជឿជាក់ និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជម្នះគ្រប់ៗអាណត្តិកន្លងមក ដែលផ្តល់ឱកាសដល់គណបក្សប្រជាជនកម្ពុជានៅបន្តបម្រើប្រជាជន តាមរយៈការបង្កើតរាជរដ្ឋាភិបាល ដែលមានសមត្ថភាពធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានគូសបញ្ជាក់ជូនថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងបានធ្វើការបង្រួបបង្រួមជាតិ ឱ្យមានឯកភាពទឹកដីទាំងស្រុង ហើយនាំមកនូវសន្តិភាព និងស្ថិរភាពនយោបាយ តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលបានអនុវត្តដោយបិតាសន្តិភាពគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ឯកឧត្តមប្រធាន បានបញ្ជាក់បន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជា ដែលកើតចេញពីការបោះឆ្នោត ជូនគណបក្សដើម្បីឱ្យគណបក្សបម្រើផលប្រយោជន៍ជូនប្រជាជនដោយភក្ដីភាព ហើយគណបក្សតែងតែនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ ដើម្បីអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយរបស់គណបក្ស។ ជាមួយគ្នានោះដែរ ឯកឧត្តមប្រធាន បានផ្ដាំផ្ញើដល់សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់ បន្តជឿជាក់លើរាជរដ្ឋាភិបាលនិងមិនត្រូវជឿតាមការឃោសនាញុះញង់ ឬការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ក្រុមប្រឆាំងទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស។ ជាចុងបញ្ចប់ ឯកឧត្តមប្រធាន បានអំពាវនាវដល់សមាជិក សមាជិកាបក្សទាំងអស់ ឱ្យបន្ដរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបន្ដបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យគណបក្សបន្ដថែរក្សាសុខសន្ដិភាព និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ឈានឆ្ពោះទៅសម្រេចនូវចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់៕


