ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំក្រុមការងារខុទ្ទកាល័យ បណ្តុះបណ្តាលការប្រើប្រាស់ AI ដើម្បីបង្កើនផលិតភាពការងារ


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំក្រុមការងារខុទ្ទកាល័យ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «បញ្ញាសិប្បនិម្មិត (AI) សម្រាប់ផលិតភាពការងារដឹកនាំ» ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង និងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឱ្យមានប្រសិទ្ធភាព សុវត្ថិភាព និងការទទួលខុសត្រូវ ស្របតាមបរិបទនៃបរិវត្តកម្មឌីជីថល។

វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើការប្រើប្រាស់ឧបករណ៍ AI ដើម្បីគាំទ្រការងារដឹកនាំ និងរដ្ឋបាល រួមមាន ការស្រាវជ្រាវ និងវិភាគព័ត៌មាន ការរៀបចំឯកសារ របាយការណ៍ សុន្ទរកថា និងបទបង្ហាញ ការគ្រប់គ្រងទិន្នន័យ ការរៀបចំផែនការការងារ ព្រមទាំងការបង្កើនល្បឿន ភាពត្រឹមត្រូវ និងគុណភាពនៃការសម្រេចចិត្ត។

ជាមួយគ្នានេះ វគ្គបណ្តុះបណ្តាលមានគោលបំណងជំរុញឱ្យមន្ត្រីរាជការអាចសម្របខ្លួនទៅនឹងការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ប្រើប្រាស់ AI ជាឧបករណ៍ជំនួយក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ និងអភិវឌ្ឍវប្បធម៌ការងារបែបទំនើប ច្នៃប្រឌិត ឆ្លាតវៃ និងផ្អែកលើទិន្នន័យ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ បានលើកឡើងថា បញ្ញាសិប្បនិម្មិតកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើនផលិតភាពការងារ និងការធ្វើទំនើបកម្មស្ថាប័ន។ ដូច្នេះ មន្ត្រីរាជការត្រូវយល់ដឹងពីសក្តានុពល ហានិភ័យ និងដែនកំណត់នៃការប្រើប្រាស់ AI ដោយត្រូវធានានូវភាពត្រឹមត្រូវនៃព័ត៌មាន ការរក្សាការសម្ងាត់ សុវត្ថិភាពទិន្នន័យ ក្រមសីលធម៌ និងការទទួលខុសត្រូវរបស់មនុស្សក្នុងការត្រួតពិនិត្យ និងសម្រេចចិត្តចុងក្រោយ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគ្រូឧទ្ទេស អ្នកជំនាញ និងក្រុមការងាររៀបចំវគ្គបណ្តុះបណ្តាល ដែលបានចែករំលែកចំណេះដឹង បទពិសោធន៍ និងវិធីសាស្ត្រអនុវត្តជាក់ស្តែង ដើម្បីជួយពង្រឹងសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីខុទ្ទកាល័យ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗបម្រើដល់ការងារឱ្យកាន់តែឆាប់រហ័ស ត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចំណេះដឹងដែលទទួលបានទៅអនុវត្តក្នុងការងារជាក់ស្តែង និងបន្តសិក្សាស្វែងយល់អំពីបច្ចេកវិទ្យា AI ជាប្រចាំ ដើម្បីរួមចំណែកកសាងរដ្ឋបាលទេសចរណ៍ឌីជីថល ប្រកបដោយភាពឆ្លាតវៃ ប្រសិទ្ធភាព តម្លាភាព និងការឆ្លើយតបបានទាន់ពេលវេលា៕