ជប៉ុន កោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រៀមខ្លួនសម្រាប់បន្ដកិច្ចសហការលើការងារនេះ


លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំប្រទេសកម្ពុជា បានវាយតម្លៃខ្ពស់ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ជាក់អំពីការត្រៀមខ្លួនជានិច្ច ក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្ដបង្ក្រាបបទល្មើសនេះ។

ការបញ្ជាក់របស់លោក UENO Atsushi ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសជួបសម្ដែងការគួរសម និងជម្រាបលា ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រាដែលលោកបញ្ចប់អាណត្តិជាឯកអគ្គរាជទូតប្រចាំកម្ពុជា។

លោកឯកអគ្គរាជទូត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កម្ពុជា ចំពោះការពង្រឹកប្រតិបត្តិការបង្រ្កាបការទីតាំងឆបោកអនឡាញ ជាពិសេសតាមរយៈការចាត់វិធានការឆាប់រហ័ស ទាំងក្នុងក្របខ័ណ្ឌនគរបាលជាតិកម្ពុជា និងគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ថ្មីៗនេះ ឧក្រិដ្ឋជនឆបោកអនឡាញ បានផ្លាស់ប្តូរទីតាំងប្រព្រឹត្តបទល្មើស ទៅទីតាំងដែលជាកន្លែងតូចផ្សេងៗ ដែលផ្តល់នូវផលលំបាកក្នុងការបង្ក្រាប។

បើតាមលោក UENO Atsushi, ភាគីជប៉ុនមានបំណងចង់សហការបន្ថែមជាមួយកម្ពុជា ប្រទេសពាក់ព័ន្ធ និងអង្គការអន្តរជាតិនានា ដើម្បីរួមគ្នាបង្ក្រាប ដោយសង្ឃឹមថាកម្ពុជា នឹងបន្តការយកចិត្តទុកដាក់បន្ថែមក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនេះ។

ឆ្លើយតបចំពោះការលើកឡើងនេះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានអះអាងថា ពេលនេះរដ្ឋាភិបាលកម្ពុជា បានបង្ក្រាបទីតាំងធំដែលលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប៉ុន្ដែក្រុមឧក្រិដ្ឋជនបានប្រើល្បិចរត់ទៅកន្លែងតូចៗ ខណៈរាជរដ្ឋាភិបាលកម្ពុជា នឹងមិនបន្ធូរដៃនោះឡើយ ពោលត្រូវតែបន្ដបង្ក្រាបឲ្យដល់ឫសគល់ និងបោសសម្អាតឲ្យអស់ចេញពីប្រទេសកម្ពុជា
ដើម្បីស្ដារមុខមាត់ឡើងវិញ។

ឯកឧត្តមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដូចគ្នាចំពោះមិត្តជប៉ុន ដែលបានចូលរួមចំណែកជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រោះបទល្មើសនេះ មានការពាក់ព័ន្ធច្រើនប្រទេស ហើយត្រូវបានចាត់ទុកជាបទល្មើសឆ្លងដែនផងដែរ។

ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានលើកឡើងចំពោះជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដែលភាគីជប៉ុន នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសកម្មភាពទាំងនេះ ក៏ដូចជាចូលរួមខិតខំចូលរួមបន្ធូរបន្ថយភាពតានតឹង នៃទំនាក់ទំនងរវាងកម្ពុជា និងថៃ ដោយសូមលើកទឹកចិត្តឲ្យភាគីទាំងពីរដោះស្រាយដោយសន្តិវិធី ក៏ដូចជាបន្តជំនួយផ្សេងៗ ដល់ប្រជាជនដែលរងផលប៉ះពាល់។

ទាក់ទិនបញ្ហាព្រំដែននេះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានឆ្លើយតប ដោយបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្ដិវិធី និងច្បាប់អន្ដរជាតិ ព្រោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធមិនអាចដោះស្រាយបញ្ហាបានឡើយ។ ឯកឧត្តមសន្ដិបណ្ឌិត ក៏បានថ្លែងអំណរគុណតាមរយៈលោកឯកអគ្គរាជទូត ដល់រដ្ឋាភិបាលជប៉ុន ដែលបានចូលរួមចំណែកជួយដោះស្រាយបញ្ហានេះ។

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក UENO Atsushi ដែលបានខិតខំប្រឹងប្រែងពេញមួយអាណត្តិ រហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន។ សមិទ្ធផលទាំងនេះ មិនត្រឹមតែបានពង្រឹងចំណងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ក្នុងឱកាសដែលទំនាក់ទំនងនៃប្រទេសទាំងពីរបានឈានចូលដល់ខួបអនុស្សាវរីយ៍លើកទី៧៣ឆ្នាំ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានរំលឹកអំពីអតីតកាល និងអំពើល្អរបស់ប្រទេសជប៉ុន ដែលបានផ្តល់ការគាំទ្រ និងជួយជ្រោមជ្រែងកម្ពុជាយ៉ាងពេញទំហឹង នៅចន្លោះឆ្នាំ១៩៩២-១៩៩៣ ក្នុងដំណាក់កាលដែលកម្ពុជារៀបចំការបោះឆ្នោតជាតិ ក្រោមការដឹកនាំរបស់ អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) ដែលកាលនោះ ប្រធាន UNTAC នៅកម្ពុជា ក៏ជាជនជាតិជប៉ុនផងដែរ។ ការរីកចម្រើនរបស់កម្ពុជារហូតមកដល់ពេលនេះ មិនអាចកាត់ផ្តាច់ពីជំនួយឥតសំណង និងកម្ចីរបស់មិត្តជប៉ុនបានឡើយ។

ជាមួយគ្នានេះ លោកឯកអគ្គរាជទូត ក៏បានរំលឹកថា លោកបានចាប់ផ្តើមបំពេញបេសកកម្មការទូតនៅកម្ពុជា តាំងពីឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលលោកសន្តិបណ្ឌិត ជាអគ្គស្នងការនគរបាលជាតិ ដែលបន្ទាប់មកត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ហើយលោកមានឱកាសធ្វើការច្រើនជាមួយលោកសន្ដិបណ្ឌិត និងសង្ឃឹមថា លោកសន្ដិបណ្ឌិត នឹងរកវេលាសមស្របដើម្បីដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ជាមួយគ្នាលើការងារសន្ដិសុខ។

ចុងបញ្ចប់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តកិច្ចសហការយ៉ាងល្អជាមួយឯកអគ្គរាជទូតជប៉ុនថ្មី ដូចដែលបានធ្វើការងារកន្លងមកជាមួយរូបលោកដែរ និងបានជូនពរលោកឲ្យទទួលបានជោគជ័យក្នុងបេសកកម្មថ្មី៕