សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចការងារនៅចិន រយៈពេល៣ថ្ងៃ


នៅព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចការ​ងារនៅប្រទេស​ចិន ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦។

ដំណើរទស្សនកិច្ចការងារនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន។ យោងតាម​ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងឱកាស​ទស្សនកិច្ចនេះ សម្តេចមហាបវរធិបតី​នាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះ​ត្រចង់» នៅទីក្រុងសៀងហៃ នៅ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនា​យក​រដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ទៀ សីហា ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមទាំងរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងតំណាងធុរ​ជន​កម្ពុជា។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងឱកាសស្នាក់នៅប្រទេសចិន សម្តេចមហាប​វរ​ធិប​តី​នាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន និង​ជួប​ពិភាក្សាទ្វេភាគីជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិន។ ក្រៅពីអញ្ជើញថ្លែង​សុន្ទរក​ថា​ ​នៅក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ហើយនោះ សម្តេចមហា​បវរ​ធិបតីនាយករដ្ឋមន្ត្រី នឹងទទួលជួបតំណាងធុរជនចិនសំខាន់ៗជាច្រើនទៀត។

ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចការងារនេះ ជាការគូស​បញ្ជាក់​​អំពីការប្តេជ្ញារួមគ្នារវាងកម្ពុជា និងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្ត​ភាព​ដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ទស្សនកិច្ចនេះក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការ​ភាពជា​ដៃ​គូ​យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការ​កសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។

សូមបញ្ជាក់ដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅប្រទេសចិន ចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ២០២៣។

នៅចន្លោះពីថ្ងៃទី៦ ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី បានអញ្ជើញទៅកាន់​ប្រទេស​ចិនលើកទី២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គលើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១។ កិច្ចប្រជុំទាំងនេះ ប្រព្រឹត្តទៅនៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន៕