សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា មានការងារអាទិភាពចំនួន៣ ទាមទារឱ្យបណ្តា ប្រទេសនានាធ្វើការរួមគ្នា ដើម្បីអនាគតដ៏ប្រសើររបស់បញ្ញាសិប្បនិម្មិត (AI)។
នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (AI) ត្រូវបានបើកជាផ្លូវការនៅទីក្រុងសៀងហៃ ប្រទេសចិន។ ពិធីបើកសន្និសីទនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ត្រូវបានធ្វើឡើងក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់»។ ក្នុងពិធីបើកសន្និសីទពិភពលោកនេះ មានការអញ្ជើញចូលរួមថ្នាក់ដឹកនាំប្រទេសនានា និងអង្គការអន្តរជាតិ ព្រមទាំងអ្នកកំណត់គោលនយោបាយជាច្រើនរូប។
ក្នុងសុន្ទរកថាគន្លឹះបើកសន្និសីទពិភពលោកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់ទិសដៅអនាគត ត្រូវធ្វើលើការងារអាទិភាពជាក់ស្ដែងចំនួនបី ដើម្បីតម្រង់ទិសដៅនៃសកម្មភាពរួម។ ការងារអាទិភាពទាំង៣នោះរួមមាន៖
ទី១៖ ត្រូវភ្ជិតគម្លាតឌីជីថល ដោយធានាថា ប្រទេសកំពុងអភិវឌ្ឍមានលទ្ធភាពយ៉ាងពេញលេញ និងសមធម៌ក្នុងការចាប់យកបច្ចេកវិទ្យា AI, ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងឧបករណ៍មូលដ្ឋាន ដើម្បីធានាថា គ្មានប្រទេសណាមួយត្រូវបានទុកចោលនៅក្នុងយុគសម័យ AI នេះឡើយ។
ទី២៖ ត្រូវវិនិយោគយ៉ាងខ្លាំងក្លាលើមូលធនមនុស្ស។ តាមរយៈការផ្ដោតលើការអប់រំជំនាញឯកទេស, ការលើកកម្ពស់អក្ខរកម្មឌីជីថល, ការជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវឆ្លងដែន និង ការអភិវឌ្ឍបុគ្គលមានទេពកោសល្យផ្នែក AI, នឹងអាចពូនជ្រំធនធានមនុស្សប្រកបដោយគុណភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់នវានុវត្តន៍ AI ប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្ន។
ទី៣៖ ត្រូវកសាងក្របខ័ណ្ឌអភិបាលកិច្ច ប្រកបដោយសុភនិច្ឆ័យ, បរិយាបន្ន, ភាពបត់បែន និងភាពទុកចិត្តបាន។ យន្តការច្បាប់របស់យើងត្រូវឆ្លើយតបទៅនឹងពិពិធភាពនៃតម្រូវការសេដ្ឋកិច្ចរបស់សង្គមនីមួយៗ។ ក្របខ័ណ្ឌទាំងនេះ ត្រូវតែការពារសិទ្ធិជាមូលដ្ឋាន, ធានាបាននូវការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌ និងពង្រឹងទំនុកចិត្តសាធារណៈ តែក៏មិនបង្កជាឧបសគ្គដល់ស្មារតីនៃនវានុវត្តន៍បច្ចេកវិទ្យានោះទេ។
ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសហត្ថលេខីដំបូងលើកិច្ចព្រមព្រៀងស្ដីពីការបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក, សម្តេចមហាបវរធិបតី បានថ្លែងថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយចិន និងដៃគូអន្តរជាតិទាំងអស់ ដើម្បីរួមគ្នាជំរុញអនាគតនៃ AI ប្រកបដោយនវានុវត្តន៍, បរិយាបន្ន, សុវត្ថិភាព និងការគោរពយ៉ាងម៉ឹងម៉ាត់ចំពោះអធិបតេយ្យជាតិ។
សម្តេចមហាបវរធិបតី បន្ថែមថា តាមរយៈភាពជាដៃគូដ៏ស្មោះត្រង់, ការកសាងទំនុកចិត្ត, ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងកិច្ចសហប្រតិបត្តិការជាក់ស្ដែង ប្រទេសទាំងអស់ត្រូវរួមគ្នាធានាឱ្យបានថា AI នឹងក្លាយជាកម្លាំងចលករដ៏មានឥទ្ធិពល ដើម្បីសម្រេចបាននូវវិបុលភាពរួម និងការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់មនុស្សជាតិទាំងអស់គ្នា៕











