កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងតំណាងក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យសំណង់ស្ទាក់ទឹកកង្ហត ស្ថិតក្នុងស្រុកបាណន់ និងជួបសំណេះសំណាលជាមួយប្រជាកសិករជួបបញ្ហាខ្វះទឹកស្រោចស្រពស្រូវនៅក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ។
ក្នុងឱកាសនោះទេសរដ្ឋមន្រ្តី បានណែនាំអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធត្រូវពន្លឿនការបញ្ជូន និងបែងចែកទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សាដែលកំពុងជួបប្រទះនូវកង្វះខាតទឹក។
លោកសំណូមពរប្រជាកសិករនៅផ្នែកខាងលើដែលទទួលបានទឹកស្រោចស្រពខ្លះហើយសូមមានការយោគយល់កុំដណ្ដើមយកទឹកដើម្បីឱ្យទឹកបានធ្លាក់ដល់ផ្នែកខាងក្រោម។
លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ឆ្នាំនេះមានកើតឡើងនូវបាតុភូតអែលនីញ៉ូ (El Niño) ដែលបណ្តាលឱ្យអាកាសធាតុក្តៅខ្លាំង និងខ្សត់ទឹកភ្លៀងស្ទើរតែទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែកសម្រាប់ខេត្តបាត់ដំបង បានជួបនូវបញ្ហាខ្វះទឹក ប៉ុន្តែជាភ័ព្វសំណាងបន្ទាប់ពីទទួលបានទឹកភ្លៀងនៅផ្នែកខាងលើនៃស្រុកសំឡូត មន្រ្តីជំនាញបានប្រមូលទឹក និងបញ្ជូនទឹកពីអាងទឹកពហុបំណង បាត់ដំបង (សេកសក)ទម្លាក់តាមសំណង់ស្ទាក់ទឹកកង្ហត សំណង់ស្ទាក់ទឹកសាលាតាអន និងអាងភាសនៅស្រុកឯកភ្នំដើម្បីធ្វើការគ្រប់គ្រងបែងចែកទឹកជូនដល់ប្រជាកសិករ។
លោកសង្កត់ធ្ងន់ថា ទឹកដែលមានទាំងអស់ត្រូវបានមន្រ្តីជំនាញបើកបង្ហូរអស់សក្ដានុពលដើម្បីបែងចែកបញ្ជូនទៅសង្រ្គោះស្រូវរបស់ប្រជាកសិករ។ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា អាជ្ញាធរខេត្ត ក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរជំនាញពាក់ព័ន្ធ បាននិងកំពុងខិតខំអន្តរាគមន៍បែងចែក និងបញ្ជូនទឹកទៅសង្រ្គោះស្រូវនៅតាមតំបន់ដែលអាចជួយសង្រ្គោះបានក្រោមស្មារតីទទួលខុសត្រូវខ្ពស់។
លោកបានបញ្ជាក់ថា បន្ទាប់ពីទទួលបានទឹកភ្លៀងពីស្រុកសំឡូត មន្ទីរធនធានទឹក និងឧតុនិយមខេត្តបានបញ្ជូនទឹកតាមដងស្ទឹងសង្កែទៅជួយសង្រ្គោះស្រូវនៅស្រុកឯកភ្នំប្រមាណ ៣ម៉ឺនហិកតា និងបន្តបញ្ជូនបែងចែក តាមសំណង់ស្ទាក់ទឹកកង្ហតទៅសង្រ្គោះស្រូវនៅស្រុកសង្កែ ស្រុកបាណន់ ក្រុងបាត់ដំបង ស្រុកគាស់ក្រឡ និងស្រុកមោងឫស្សី ប្រហាក់ប្រហែលជាង ១០ម៉ឺនហិកតា។
ប្រជាកសិករ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ ដែលបានយកចិត្តទុកដាក់ជួយអន្តរាគមន៍ដោះស្រាយបញ្ហាខ្វះទឹកស្រោចស្រពដំណាំស្រូវ។
សូមរំឭកថា កាលពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្រុកសំឡូត មានភ្លៀងធ្លាក់យ៉ាងខ្លាំងបានបង្កជាជំនន់រហ័សនៅផ្នែកខាងលើនៅស្រុកសំឡូត និងបណ្តាលឱ្យជន់លិចនៅផ្នែកខាងក្រោមក្នុងស្រុកឯកភ្នំ។
យ៉ាងណាមិញជំនន់រហ័សនេះ ក៏បានបង្កើតជាឱកាសដ៏ល្អក្នុងការប្រមូលទឹកដ៏ច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងអាងទឹកសេកសក ហើយមន្ទីរធនធានទឹក និងឧតុនិយម និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៃខេត្តបាត់ដំបង បានធ្វើការគ្រប់គ្រង និងបែងចែកទឹកដូចជា៖
*ទី១៖ ការងាររំដោះទឹកជំនន់៖ គ្រប់គ្រងលំហូរទឹកក្នុងក្របខណ្ឌអាងស្ទឹងសង្កែ (ពីផ្នែកខាងលើអាងទឹកសេកសករហូតដល់ផ្នែកខាងក្រោម) តាមលក្ខណៈបច្ចេកទេស ដើម្បីបញ្ចៀសការលិចលង់ ជាពិសេសនៅក្នុងក្រុងបាត់ដំបង។
*ទី២៖ ការងារសង្គ្រោះស្រូវរដូវវស្សា៖ បង្វែរទឹកពីសំណង់ស្ទាក់ទឹកកង្ហត ទៅតាមប្រឡាយមេធំទាំង ២ខ្សែ នៃប្រព័ន្ធធារាសាស្ត្រកង្ហត ដើម្បីបញ្ជូនទឹកទៅស្រោច ស្រពដីស្រែរបស់បងប្អូនប្រជាកសិករនៅផ្នែក ខាងក្រោមដែលកំពុងខ្វះខាតទឹក។
បើតាមមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងឱ្យដឹងថា ទឹកក្នុងស្ទឹងសង្កែ មានលទ្ធភាពផ្តល់ទឹកស្រោចស្រពក្នុងប្រព័ន្ធធារាសាស្រ្តកង្ហត ប្រព័ន្ធធារាសាស្រ្តសាលាតាអន និងប្រព័ន្ធធារាសាស្រ្តអាងទឹកភាស។
ម៉្យាងទៀតការបែងចែក និងបញ្ជូនទឹកទៅកាន់ផ្ទៃស្រោចស្រពស្រូវវស្សាដែលកំពុងត្រូវការទឹកដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងពេលតែមួយ ទាមទារនូវរយៈពេលកំណត់មួយពោលគឺពី ៤ ទៅ ៥ ថ្ងៃទៀត ទើបទឹកអាចបញ្ជូនទៅដល់គោល ដៅជាបន្តបន្ទាប់ ដូច្នេះសូមបងប្អូនប្រជាកសិករទាំងអស់មេត្តាយោគយល់ ជឿទុកចិត្ត និងផ្តល់ពេលវេលាសមស្របដល់ក្រុមការងារផង៕






































