ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដាស់តឿនឱ្យមូស្លីមកម្ពុជា ប្រកាន់យកគោលការណ៍ «កណ្តាលនិយម» ក្នុងវេទិកាអប់រំឥស្លាមក្រោមប្រធានបទសុខដុមនីយកម្មប្រជាជាតិ នៅខេត្តត្បូងឃ្មុំ


នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួម និងថ្លែងបាឋកថាពិសេសមួយ នៅក្នុងវេទិកាអប់រំឥស្លាមក្រោមប្រធានបទ «សុខដុមនីយកម្មប្រជាជាតិ»។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនៅម៉ាស្ជិត នូរ អ៉ីស្តីក៏ម៉ាស់ ស្ថិតក្នុងភូមិតាប៉ាវបំពេញទេស (ជ្រៃមីន) ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីគណៈអុីម៉ាំ គ្រូបង្រៀនខ្មែរឥស្លាម និងសាសនិកឥស្លាមយ៉ាងច្រើនកុះករ។

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ក៏មានការផ្តល់កិត្តិយស និងចូលរួមចែករំលែកចំណេះដឹង ព្រមទាំងបទពិសោធន៍ល្អៗពីវាគ្មិនអន្តរជាតិមកពីសាធារណរដ្ឋឥណ្ឌូនេស៊ី គឺលោកបណ្ឌិត Ustaz Abdul Somad ផងដែរ។ នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងយ៉ាងច្បាស់ៗ អំពីស្ថានភាពជាក់ស្តែងនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសគំរូមួយលើឆាកអន្តរជាតិ ក្នុងការគ្រប់គ្រង និងថែរក្សា «សុខដុមនីយកម្មជាតិសាសន៍ និងសាសនា» បានយ៉ាងល្អប្រសើរ។

ឯកឧត្តមបានគូសបញ្ជាក់ថា ទោះបីជាកម្ពុជា មានអ្នកកាន់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋរហូតដល់ប្រមាណ ៩៣% និងសាសនិកឥស្លាមប្រមាណ ៥% យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពង់របស់សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែងតែផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរព និងប្រតិបត្តិជំនឿសាសនារៀងៗខ្លួន ដោយគ្មានការរើសអើង ឬបង្កឱ្យមានទំនាស់សាសនានោះឡើយ។

ទន្ទឹមនឹងការលើកឡើងពីភាពជោគជ័យ នៃគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានដាស់តឿនដល់មូស្លីមកម្ពុជាទាំងមូល ឱ្យរួមគ្នារក្សាការពារតម្លៃសន្តិភាព និងប្រកាន់ខ្ជាប់នូវគោលការណ៍ «កណ្តាលនិយម» ក្នុងការរស់នៅ និងការប្រតិបត្តិសាសនា។ លោកបានសង្កត់ធ្ងន់ថា «សាសនាឥស្លាម គឺជាសាសនានៃសន្តិភាព ភាពអត់ឱន និងការយោគយល់។ ដូច្នេះ បងប្អូនសាសនិកទាំងអស់ ត្រូវប្រកាន់យកគោលការណ៍កណ្តាល មិនជ្រុលនិយម និងត្រូវបញ្ឈប់ជាដាច់ខាតនូវរាល់ការឈ្លោះប្រកែក ឬការបែកបាក់ផ្ទៃក្នុង ដោយសារតែភាពខុសគ្នាបន្តិចបន្តួច លើរបៀបនៃការប្រតិបត្តិ»។

ឯកឧត្តមក៏បានរំឮកដល់ កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ នៅទីក្រុងម៉ាក្កះ ក្នុងឆ្នាំ២០១៩ ដែលបណ្តាអ្នកប្រាជ្ញ និងថ្នាក់ដឹកនាំឥស្លាមទូទាំងពិភពលោកមកពី១៣៩ ប្រទេសបានជួបប្រជុំគ្នា និងបានចេញសេចក្តីប្រកាសរួមមួយ តម្រូវឱ្យសាសនិកឥស្លាមទាំងអស់ ប្រកាន់ខ្ជាប់ដាច់ខាតនូវ កណ្តាលនិយម។ លោកបានណែនាំថ្នាក់ដឹកនាំឥស្លាម គ្រូបង្រៀនខ្មែរឥស្លាម យុវជន ព្រមទាំងសាសនិកឥស្លាមទាំងអស់ ត្រូវតែជាគំរូដ៏ល្អក្នុងការបង្កើនសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ បើមានទស្សនៈខុសគ្នា ត្រូវអង្គុយពិភាក្សាគ្នាដោយសន្តិវិធី និងទន់ភ្លន់។

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះ លោកបណ្ឌិត Ustaz Abdul Somad ដែលជាវាគ្មិនអន្តរជាតិដ៏ល្បីល្បាញមកពីសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ ព្រមទាំងទស្សនទានល្អៗទាក់ទងនឹងការអប់រំឥស្លាម៕