មន្ត្រីជាន់ខ្ពស់ CDC ចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម របស់រោងចក្រផលិតសំបកកង់រថយន្ត​ និងផលិតគ្រឿងបង្គុំរថយន្ត នៅតំបន់សេដ្ឋកិច្ចចំនួន២ នៅខេត្តស្វាយរៀង


ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូ គ.វ.ក. បំពេញទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសស៊ីន បាវិត និងតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា ពិនិត្យមើលពីវឌ្ឍនភាពនៃការអភិវឌ្ឍ និងបានពិនិត្យខ្សែច្រវាក់ផលិតកម្ម របស់រោងចក្រផលិតសំបកកង់រថយន្ត​របស់ក្រុមហ៊ុន​ ZODO TIRE (CAMBODIA) CO., LTD. ដែលមានសមត្ថភាពផលិត២៦០០០​ សំបកកង់ក្នុង១ថ្ងៃ​ និងពេញសមត្ថភាពបាន​៤៥០០០សំបកកង់​ និងរោងចក្រផលិតគ្រឿងបង្គុំរថយន្ត​ ហ្វ្រាំងស្ងួត (BRAKE DRUM) ដែលប្រើប្រាស់វត្ថុធាតុដើម​ ពីលោហៈធាតុ និងកាកសំណល់ដែកយកមកកែច្នៃរបស់ក្រុមហ៊ុន​ HAIZHIGUAN (CAMBODIA) INDUSTRIAL CO., LTD. ។

ដំណើរទស្សនកិច្ចនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយក្រៃលែងពីសំណាក់អ្នកអភិវឌ្ឍន៍តំបន់ទាំងពីរ រួមទាំងថ្នាក់ដឹកនាំ ជាន់ខ្ពស់ នៃរដ្ឋបាលខេត្តស្វាយរៀង ព្រមទាំងមន្ត្រីដែលជាតំណាងក្រសួង-ស្ថាប័ននានា ប្រចាំនៅរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស។

ឯកឧត្តមអគ្គលេខាធិការបានលើកពីសាវតានៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលធ្វើឱ្យទីវាល និងវាលស្រែដ៏ធំធេង បានប្រែក្លាយមកជាតំបន់សេដ្ឋកិច្ចពិសេស និងបានស្រូបទាញនូវគម្រោងវិនិយោគជាច្រើន ហើយមកដល់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយស្វាហាប់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់តាមដានដោយផ្ទាល់ ជាប់ជាប្រចាំ និងជំរុញលើកទឹកចិត្តដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។

បច្ចុប្បន្ននេះតំបន់សេដ្ឋកិច្ចពិសេស មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានកើនដល់ចំនួន៦៥តំបន់ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស ចំនួន៣៩កំពុងដំណើរការយ៉ាងសកម្ម និងបានស្រូបទាញកំលាំងពលកម្មក្នុងស្រុកសរុបជាង ២៥ម៉ឺននាក់ ហើយមានតម្រូវការជាង៣៥ ពាន់នាក់បន្ថែមទៀតផងដែរ។

តំបន់សេដ្ឋកិច្ចពិសេស បានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជាពិសេស បាននាំមកនូវចង្កោមឧស្សាហកម្មថ្មីៗ ជាពិសេសឧស្សាហកម្មផលិតសំបកកង់រថយន្ត, ឧស្សាហកម្មផ្គុំនិងដំឡើងយានយន្ត, ឧស្សាហកម្មដំឡើងកង់, ឧស្សាហកម្មផលិតសម្ភារៈអេឡិកត្រូនិចគ្រប់ប្រភេទ, ឧស្សាហកម្មផលិតគ្រឿងបង្គុំសង្ហារឹម និងផលិតផលគ្រឿងសង្ហារឹមជាដើម ដែលផ្តល់ការងារ និងប្រាក់បៀវត្សសមរម្យ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

នេះក៏ជាការបង្ហាញពីជំនឿទុកចិត្ត របស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលទោះក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចសាកល ក៏ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការបណ្តាក់ទុនវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរ។

ជាក់ស្តែង​ក្នុងខេត្តស្វាយរៀងនេះ​ តំបន់សេដ្ឋកិច្ចពិសេស​មានចំនួន១៣​ និងកំពុងដំណើរការទាំង១៣​ និងមានគម្រោងវិនិយោគ សរុបចំនួន៤២១​គម្រោង​ ព្រមទាំងបង្កើតការងារបានប្រមាណ​១១៥ ០០០កន្លែង បើតាមការបញ្ជាក់ពីតំណាង អ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសទាំងពីរ ខាងលើតំបន់កំពុងមានតម្រូវការ​កម្មករនិយោជិតចំនួនប្រមាណ​ ៤ ០០០កន្លែង​។