នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាតំណាងរាស្រ្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារគ្រប់ថ្នាក់អញ្ជើញសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំ សាខាបក្សភូមិយុវជនគណបក្សស្រុកស្វាយចេក។
ក្នុងឱកាសនោះឯកឧត្តម កែ គឹមយ៉ាន បានពាំនាំនូវការសាកសួរសុខទុក្ខ ជូនពរជ័យ កោតសសើរ អរគុណពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សជូនដល់សមាជិក សមាជិកាគណបក្ស ថ្នាក់ដឹកនាំគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរឯកឧត្តម កែ គឹមយ៉ាន ថ្លែងបន្តថាកម្ពុជាក្រោមការដឹកនាំបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តប្រែក្លាយការលំបាកទៅជាឱកាសពង្រឹងលើកស្ទួយការប្រើប្រាស់ ផលិតផល និងការបង្កើតការងារក្នុងស្រុកដែលបង្ហាញឱ្យឃើញពីភាពធន់របស់កម្ពុជាហើយតាមរយៈកម្លាំងមហាសាមគ្គីប្រជាជាតិដ៏រឹងមាំកម្ពុជាបាននិងកំពុងបន្តបោះជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ានៃសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ប្រជាធិបតេយ្យ នីតិរដ្ឋ បន្តការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងរក្សាលំនឹងនៃជីវភាពរបស់ប្រជាពលរដ្ឋ ។
ជាមួយនឹងលទ្ធផលការងាររបស់គណៈកម្មាធិការគណបក្សស្រុកស្វាយចេក ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់ថ្នាក់ និងមន្រ្តីគណបក្សទាំងអស់ដែលបានខិតខំសម្រេច បាននូវសមិទ្ធផលនិងស្នាដៃជាច្រើនសម្រាប់គណបក្សនិងប្រទេសជាតិហើយយើងក៏បាននឹងកំពុងបន្តរួមគ្នាដោះស្រាយជម្លោះព្រំដែន កម្ពុជា ថៃ ដោយជឿជឿជាក់លើរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះដែរឯកឧត្តម កែ គឹមយ៉ាន បានថ្លែងបន្ត ឆ្នាំ២០២៦ជាឆ្នាំដែលយើងត្រូវត្រៀមដំណើរឆ្ពោះទៅចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២៧ខាងមុខនេះ ដូចនេះសូមឲ្យមន្រ្តីយើងគ្រប់ថ្នាក់គ្រប់ផ្នែកទាំងអស់បន្តចូលរួមថែរក្សាសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ អនុវត្តគោលនយោបាយភូមិ ឃុំ សុវត្ថិភាពនិងលិខិតបទដ្ឋានគតិយុត្តនានា អភិវឌ្ឍន៍មូលដ្ឋាន បង្កើនល្បឿនដោះស្រាយនូវរាល់សំណើ សំណូមពររបស់ប្រជាពលរដ្ឋហើយត្រៀមបំផុសឲ្យប្រជាពលរដ្ឋទៅចុះ-ពិនិត្យឈ្មោះបោះឆ្នោតតាមការបរិច្ឆេទរបស់គ.ជ.ប.នាពេលខាងមុខ និងរក្សាឲ្យបានខ្ជាប់ខ្ជួននូវទិសដៅរបស់យើង «សមាជិកម្នាក់សន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»៕

















































