ឯកឧត្តមបណ្ឌិត ថោង ខុន ដឹកនាំប្រជុំផ្សព្វផ្សាយផែនការសកម្មភាពសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបការងារគណបក្សស្រុកប្រចាំខែកក្កដា


ឯកឧត្តម ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នាព្រឹកថ្ងៃទី១៨ ខែកកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបការងារគណបក្សស្រុកតាំងគោកប្រចាំខែកក្កដា ឆ្នាំ២០២៦ និងដោយមានការចូលរួមពីលោកអនុប្រធានទី២ អនុប្រធាន សមាជិកក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក ប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ប្រធាន អនុប្រធានគណបក្សស្រុក, គណបក្សឃុំសរុប ១៧០រូប។

នាឱកាសនោះលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងជាប្រធានគណបក្សស្រុក បានឡើងអានផែនការសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧, ការបង្កើតគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត, របាយការណ៍បូកសរុបការងាតបក្សស្រុកប្រចាំខែកក្កដា និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តជាយុទ្ធយុទ្ធសាស្ត្ររបស់គណបក្ស ខិតខំធ្វើគ្រប់កិច្ចការតាមការកំណត់នៃច្បាប់ និងលិខិតបទដ្ឋានជាធរមាន ក្នុងការពង្រីកប្រៀបឈ្នះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ នាថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២៧ ដោយសម្រេចឱ្យបាននូវការកើនលើសចំនួនអាសនៈដែលមានបច្ចុប្បន្ន ជាពិសេសត្រូវសម្រេចឱ្យបានតំណែងជាប្រធានក្រុមប្រឹក្សាគ្រប់ឃុំទាំង៨ ក្នុងស្រុកតាំងគោក ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការនេះដែរ ឯកឧត្តមបណ្ឌិត ថោង ខុន បានណែនាំឱ្យក្រុមការងារចុះជួយឃុំ និងគណបក្សឃុំ ត្រូវរៀបចំផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត និងសមាសភាពគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតថ្នាក់ឃុំ, រៀបចំក្រុមចលនាបោះឆ្នោតតាមភូមិ, រៀបចំប្រតិទិន និងគម្រោងចំណាយសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្ដិទី៦ ឆ្នាំ២០២៧ សំដៅធ្វើយ៉ាងណាឱ្យស្រុកតាំងគោកទទួលបានជោគជ័យ។

ឯកឧត្តម ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារ គណបក្សស្រុក គណបក្សឃុំ អនុវត្តឲ្យបានម៉ឺងម៉ាត់តាមផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ (ដែលមាន០៤ដំណាក់កាល) ដោយត្រៀមលក្ខណៈសម្បត្តិពីចម្ងាយចាប់ពីពេលនេះតទៅ ពិសេសការពិនិត្យ និងជ្រើសរើសបេក្ខភាពក្រុមប្រឹក្សាឃុំឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់គណបក្ស សំដៅធ្វើឱ្យគ្រប់ឃុំទាំងអស់រក្សា និងពង្រឹងប្រៀបឈ្នះក្នុងការបោះឆ្នោត។ យកចិត្តទុកដាក់កសាងសមាជិកគណបក្សក្នុងជួរយុវជនដែលទើបគ្រប់អាយុបោះឆ្នោត សំដៅធានាសមាជិកបក្សមួយរូបសម្លេងឆ្នោតគាំទ្រមួយសន្លឹក និងធ្វើយ៉ាងណាកុំឱ្យគណបក្សប្រឆាំងឡើងសំលេងឆ្នោតឱ្យសោះ។

ឯកឧត្តម ថោង ខុន ក៏បានណែនាំ ឱ្យក្រុមការងារគណបក្ស បន្ដការពង្រីកសមាជិកបក្ស និងជំរុញចលនាយុវជនដែលទើបគ្រប់អាយុបោះឆ្នោត ឱ្យទៅចុះឈ្មោះបោះឆ្នោតថ្មី និងជំរុញសមាជិកបក្សឱ្យទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងបន្តពង្រឹង និងពង្រីកជួរសកម្មជនយុវជនគណបក្សនៅគ្រប់មូលដ្ឋាន ពិសេសថ្នាក់ភូមិ ឃុំ និងហ្វឹកហាត់ធ្វើសកម្មភាពចលនាមហាជន ដើម្បីក្លាយជាជនបន្ដវេនផងដែរ។

ឯកឧត្តមក៏បានណែនាំឱ្យក្រុមការងារចុះជួយឃុំ និងគណបក្សឃុំ ត្រូវចុះជាប់មូលដ្ឋាន សួរសុខទុក្ខប្រជាជន និងសមាជិកបក្សដល់ខ្នងផ្ទះ ដើម្បីដឹងសុខទុក្ខ ក្តីកង្វល់ បញ្ហាប្រឈម និងរួមគ្នាពិនិត្យដោះស្រាយ ឱ្យបានទាន់ពេលវេលា សំដៅបង្កើនភាពជឿជាក់មកលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា៕