នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានបន្តដឹកនាំក្រុមការងារអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារគណបក្សមកពីតាមបណ្តាភូមិចំនួន១០ នៅក្នុងមូលដ្ឋានឃុំចំណាក្រោម នៃស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងកិច្ចសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃថកម្ពុជា និងជាអនុប្រធានគណបក្ស ជូនដល់សមាជិកសមាជិកាជាមេគ្រួសារគណបក្ស និងអង្គពិធីទាំងមូល។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំណាក្រោម សម្រេចបាននាពេលកន្លងមកក្នុងការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធនានាដូចជា ប្រឡាយទឹក ផ្លូវថ្នល់ បន្ទប់ទឹក សាលារៀន មណ្ឌលសុខភាព វត្តអារាម។ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមការងារត្រូវបន្តចូលរួមឱ្យកាន់តែសកម្មក្នុងការចុះជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលជួបការលំបាក ព្រមទាំងបន្តជួយឧបត្ថម្ភដល់គ្រួសារក្រីក្រ ជនចាស់ជរា ស្ត្រីសម្រាលកូនខ្ចី គ្រួសារងាយរងគ្រោះ គ្រួសារមរណភាព គ្រួសារវីរកងទ័ពជួរមុខ គ្រួសារភៀសសឹក គ្រួសារពលករចំណាកស្រុកជាដើម។
ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមនិងជឿជាក់ថា សមាជិក សមាជិកា ក៏ដូចជាក្រុមការងារគណបក្សទាំងអស់ នឹងបន្តសាមគ្គីភាព ឯកភាពគ្នាជាកម្លាំងសរុប ជាតួអង្គតែមួយ និងជាខ្នងបង្អែកដ៏រឹងមាំរបស់ប្រជាជន ព្រមទាំងអនុវត្តឱ្យបានជោគជ័យនូវផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ខាងមុខនេះ។
សូមជម្រាបថា គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៦ ក្នុងមូលដ្ឋានឃុំចំណាក្រោម មានប្រជាជនសរុបចំនួន ១៦,០៤៨នាក់ និងមានសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៦,៥១៨នាក់ ស្មើនឹង ២,៦០៩គ្រួសារបក្ស៕































