នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋានក្រុង/ស្រុក និងឃុំ/សង្កាត់ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ការងារទប់ស្កាត់ សកម្មភាព ឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) គឺជាកិច្ចការអាទិភាព និងជាការងារដ៏ចម្បងបំផុត សម្រាប់អាជ្ញាធរក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ យោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា «ការបន្តយុទ្ធនាការទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scam) នៅកម្ពុជា គឺក្នុងគោលបំណងរឹតបន្តឹង នៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិត្យការតាំងទីលំនៅ របស់ជនបរទេស, ទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ជនបរទេស ដែលលួចចូលមករស់នៅក្នុងខេត្តដោយខុសច្បាប់ ដើម្បីទប់ស្កាត់បទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា (Online Scam) ឱ្យមានប្រសិទ្ធភាពខ្ពស់»។
នៅក្នុងឱកាសនោះលោកជំទាវបណ្ឌិត បាន ស្រីមុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋាន ដែលកន្លងមកបានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយការទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសការបង្កើនប្រសិទ្ធភាពការងារ ក្នុងការផ្តល់សេវាសាធារណ: ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយបញ្ហា ដែលកើតមានឡើង ក៏ដូចជាសំណូមពរនានារបស់ប្រជាជន ស្របទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្តិភាពរបស់រាជរដ្ឋាភិបាល៕











