សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកសញ្ញាបត្រ​ជូន​និស្សិតសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ


(សៀមរាប)៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត​សាកល​​វិទ្យា​ល័យសៅស៍អ៊ីសថ៍អេយសៀ ក្រោយបញ្ចប់ការសិក្សា​ដោយ​ជោគ​ជ័យ។

របាយការណ៍សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ បានឱ្យដឹងថា និស្សិត​ដែលបញ្ចប់ការសិក្សាដោយជោគជ័យ ហើយទទួលសញ្ញាបត្រ​នាព្រឹកថ្ងៃនេះ មាន​ចំនួន ១ ៥០០នាក់ នារី ៩៣២នាក់ មានកម្រិត បរិញ្ញាបត្ររង បរិញ្ញា​បត្រ និងបរិញ្ញាបត្រ​ជាន់​ខ្ពស់ លើមុខជំនាញដូចជា នេយ្យ និងសវនកម្ម, គ្រប់​គ្រង, ម៉ាឃីតធីង, ហិរញ្ញវត្ថុ និងធនាគារ, គ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋា​រកិច្ច, ព័ត៌មាន​វិទ្យា, ស្ថាបត្យកម្ម, គណិតវិទ្យា, នីតិសាស្រ្ត, រដ្ឋបាលសា​ធា​រណៈ, ការបង្រៀន​ភាសា​អង់គ្លេស និងអក្សរសាស្រ្តខ្មែរ។

របាយការណ៍សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ គឺជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​ឯកជន ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ សម្រាប់បណ្តុះ​បណ្តាល​កម្ម​វិធី​អប់រំ​កម្រិត​បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ដើម្បី​អភិវឌ្ឍ​ធន​ធានមនុស្ស​ប្រកបដោយ​សមត្ថភាព មាន​ឥរិយាបថល្អ​ឆ្លើយតប​ទៅ​នឹង​ទីផ្សារ​ការ​ងារជាតិ និងអន្តរជាតិ ដែលពួក​គេ​អាចធ្វើការងារ ព្រមទាំង​អាច​រស់​នៅ​ក្នុង​យុគ្គសម័យ​សាកលភាវូបនីយកម្ម និ​ងសង្គមពុទ្ធិ។

មកឆ្នាំ២០២៦នេះ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ត្រូវ​បាន​បង្កើត​ឡើងរយៈពេល ២០ឆ្នាំហើយ។ រយៈពេល២០ឆ្នាំមកនេះ សាកលវិទ្យាល័យ​បាន​ចូលរួមបណ្តុះបណ្តាលនិស្សិតសរុប ៨ ៨៨៨នាក់ នារី ៤.៥៩៧នាក់ ស្មើ ៥១,៧២ភាគរយ។

ដើម្បីជួយដល់និស្សិតមកពីគ្រួសារក្រីក្រ និងខ្វះលទ្ធភាពបន្តការសិក្សា​នៅថ្នា​ក់​ឧត្តមសិក្សា តាមរយៈអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, សាកល​វិទ្យា​ល័យ បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រ​ជាន់​ខ្ពស់​សរុប ៣៤១កន្លែង គិតចាប់ពីឆ្នាំសិក្សា២០១២-២០១៣។

សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ទទួលបានយកចិត្តទុកដាក់ខ្ពស់​ពី​សំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាំងពីពេលដែលសម្តេចមិន​ទាន់​អញ្ជើញកាន់ការងារជានាយករដ្ឋមន្ត្រីមកម្ល៉េះ។ សម្តេចមហាបវរធិបតី បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីចែកសញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សារបស់សាកលវិទ្យាល័យចំនួន៣លើកមកហើយ រាប់ទាំងកម្មវិធីនាព្រឹក​ថ្ងៃ​នេះ​ផង។ លើកទី១នៅឆ្នាំ២០២៣ លើកទី២ ឆ្នាំ២០២៥ និងលើកទី៣ នៅថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ។

រយៈពេល២០ឆ្នាំលើវិថីនៃការអប់រំ ដោយមាន​ការប្តេជ្ញាចិត្តខ្ពស់រប​ស់​ក្រុម​ប្រឹក្សា​ភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និង លោកគ្រូ អ្នកគ្រូ ក្នុង​ការ​អនុវត្ត​ផែនការយុទ្ធសាស្រ្ត និងផែនការបណ្តុះបណ្តាលរបស់​សាកល​វិទ្យា​ល័យសៅស៍អ៊ីសថ៍អេយសៀ​បានប្រែក្លាយសាកលវិទ្យាល័យ​ឱ្យមាន​កិត្តិ​យស និងកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​​កម្ពុជា ជាពិសេសនៅខេត្តសៀមរាប មាន​ការ​ទទួលស្គាល់ និងគាំទ្រពីស្ថាប័នជាតិ និងអន្តរជាតិ មានការគាំទ្រពីអ្នក​សិក្សា​គ្រប់មជ្ឈដ្ឋាន នៃព្រះរាជាណាចកម្ពុជា ព្រមទាំងទទួល​បានសមិទ្ធ​ផល​ចម្បងៗដូ​ចខាង​ក្រោម៖
១៖ ទទួលបានការទទួលស្គាល់គុណភាពអប់រំថ្នាក់ជាតិពេញសិទ្ធិ​ពីគណៈ​កម្មា​ធិការទទួលស្គាល់គុណភាពអប់រំ នៃ​កម្ពុជា (ACC)

២៖ ក្លាយជាសមាជិកស្ថាប័នទទួលស្គាល់គុណភាពអប់រំអាស៊ាន (AUN-QA) នៅ​ឆ្នាំ២០១៧

៣៖ មានកិច្ចសហការជាមួយធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី អង្គ​ការ UNICEF និងអង្គការមូលនិធិអាស៊ី ដើម្បីបង្កើតមណ្ឌលព័ត៌មានសា​ធារ​ណៈ ដែល​មាន​ឯកសារ​ស្រាវជ្រាវ​​ទាំង Hard copy និង Soft copy ដែល​ទាក់​ទងទៅនឹងកម្មវិធីសិក្សា​​របស់​សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ​ អា​ស៊ាន និងពិភពលោក ដើម្បីផ្តល់ឱកាសឱ្យនិស្សិត សាស្រ្តាចារ្យ​ លោកគ្រូ អ្នកគ្រូ និងសាធារណជន​គ្រប់មជ្ឈដ្ឋាន​​ស្រាវជ្រាវបំពេញឱ្យការសិក្សា ការ​បង្រៀន និងពង្រីក​ចំណេះដឹងឱ្យទូលំទូលាយបន្ថែមទៀត

៤៖ មានការកិច្ចសហការជាមួយស្ថានទូតអាមេរិក ដើម្បីបង្កើតបណ្ណាល័យ​អាមេរិក ​ដែល​មាន​​ឯកសារស្រាវជ្រាវទាំងHard copy និង Soft copy ទាក់​ទងទៅនឹងសហរដ្ឋអាមេរិក អឺរ៉ុប អាស៊ី និងពិភពលោក ផ្តល់ធនធាន​សិក្សា​ភាសាអង់គ្លេសគ្រប់កម្រិត ផ្តល់កម្មវិធីតេស្តTOEFL ផ្តល់ការប្រើប្រាស់​កុំព្យូទ័រ ​អ៊ិនធឺណេត ផ្តល់វាគ្មិន និងអ្នកប្រាជ្ញល្បីៗ ​ដើម្បីធ្វើ​បទបថកថា​ចែក​រំលែក​បទ​ពិសោធ​ដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ​ និងសាធារណជន

៥៖ មានកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស ​ដូចជាប្រទេសអង់គ្លេស​ កូរ៉េ ចិន ថៃ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូ​នេស៊ី អេស្ប៉ាញ និងជប៉ុន​ ដើម្បី​ផ្លាស់ប្តូរនិស្សិតសិក្សា ផ្លាស់ប្តូរបទ​ពិសោធន៍​គ្រប់គ្រង និងបង្រៀន ការចុះកម្មសិក្សា ការផ្លាស់ប្តូរវប្បធម៌ ការអភិវឌ្ឍ​កម្មវិធី​សិក្សា ការស្រាវជ្រាវរួមគ្នា និងការបណ្តុះបណ្តាលកម្មវិធីឆ្លងដែនជាដើម

៦៖ មានការទទួលស្គាល់ និងគាំទ្រពីអ្នកសិក្សាគ្រប់មជ្ឈដ្ឋាន នៃព្រះរាជាណា​ចក្រ​កម្ពុជា ដែល​មាន​និស្សិតចុះឈ្មោះចូលរៀនប្រមាណ ២.០០០នាក់ នៃឆ្នាំ​សិក្សានីមួយៗ

៧៖ មានការទទួលស្គាល់ និងគាំទ្រពីទីផ្សារការងារ ដូចជាស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ និងអន្តរជាតិ តាមរយៈនិស្សិតកំពុងសិក្សាទទួលបាន​ការងារ​ធ្វើ​ប្រមាណ៧០% និងនិស្សិតបញ្ចប់ការ​សិក្សា​ទទួលបាន​ការងារ​ធ្វើប្រមាណ ៩២,៤០%

៨៖ មានគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់សាកលវិទ្យាល័យ សៅស៍អ៊ីស​ថ៍​អេយសៀស្របតាម​ស្តង់ដារ​អន្តរជាតិ ដែលសាកលវិទ្យាល័យ​មានផ្ទៃដី​ប្រមាណ​៤០ហិចតា សម្រាប់ពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់សាកល​វិទ្យា​ល័យកម្រិតស្តង់ដារអន្តរជាតិរួចរាល់ហើយ៕