គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ អំពីវឌ្ឍនភាពនៃការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដើម្បីពិនិត្យតាមដាន និងប្រមូលព័ត៌មានរាល់សំណូមពរ និងបញ្ហាប្រឈមនានា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូប។
នៅក្នុងឱកាសនោះ លោកជំទាវប្រធានគណៈកម្មការ និងជាប្រធានគណៈប្រតិភូ បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ព្រមទាំងលោកអនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅក្នុងខេត្ត ព្រមទាំងបានជម្រាបជូនអំពីតួនាទី រចនាសម្ព័ន្ធ មុខងាររបស់ព្រឹទ្ធសភា ក្រៅពីមុខងារស្នូលទាំងបីនៅនីតិកាលទី៥នេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានដាក់ចេញនូវភារកិច្ចអាទិភាពចម្បងចំនួន២ទៀតគឺ ការលើកកម្ពស់ការទូតសភា និងត្រូវធ្វើការយ៉ាងជិតស្និតជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន និងបានជម្រាបអំពីសមិទ្ធផលការងារជាច្រើនដែលព្រឹទ្ធសភាសម្រេចបាន។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ បានបង្ហាញឱ្យឃើញពីវឌ្ឍនភាពការងារក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ការផ្តល់សេវាសុខាភិបាល ការគាំពារសង្គមដល់ជនងាយរងគ្រោះ អតីតយុទ្ធជន ជនពិការ ការប្រើប្រាស់កម្លាំងពលកម្ម ការលើកកម្ពស់សមភាពយេនឌ័រ និងការចូលរួមពីប្រជាពលរដ្ឋក្នុងស្មារតីសាមគ្គីភាពនិងជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃប៉ិនប្រសព្វ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកជំទាវប្រធានគណៈប្រតិភូ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំរួមសហការសម្រេចបានសមិទ្ធផលដ៏ធំធេង រួមចំណែកថែរក្សាសន្តិភាព ពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងរដ្ឋបាលដែនដីខេត្តពោធិ៍សាត់។ ចំពោះរាល់បញ្ហាប្រឈម និងសំណូមពរ ដែលបានលើកឡើង លោកស្រី នឹងនាំយកទៅគោរពជម្រាបជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងព្រឹទ្ធសភា ពិនិត្យ និងស្វែងរកវិធានការដោះស្រាយតាមរយៈយន្តការសភា និងរដ្ឋាភិបាល ក្នុងគោលដៅបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

















