អគារសិក្សាថ្មីៗក្នុងសាលាបឋមសិក្សាចំបក់ខាងត្បូង ខេត្តកំពង់ធំ រួមចំណែកក្នុងវិស័យអប់រំ និងគាំទ្រដល់ការសិក្សាសិស្ស


លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ការសាងសង់អគារសិក្សាថ្មីៗ ជូនដល់សាលាបឋមសិក្សាចំបក់ខាងត្បូង ខេត្តកំពង់ធំ នឹងរួមចំណែកក្នុងវិស័យអប់រំ និងគាំទ្រដល់ការសិក្សា។

ជាក់ស្ដែងអគារសិក្សា១ខ្នង ៥បន្ទប់ និងសមិទ្ធផលផ្សេងៗ នៅសាលាបឋមសិក្សាចំបក់ ខាងត្បូងស្ថិត ក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានដាក់សម្ពោធជាផ្លូវការ ដែលនេះជាចំណែកមួយយ៉ាងសំខាន់ គាំទ្រដល់វិស័យអប់រំ តាមយៈការកែលម្អបរិយាកាសសិក្សា ឱ្យមានគុណភាព ដើម្បីបង្កើតធនធាន មនុស្សឱ្យមានសក្តានុពល។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងអាណត្តិកន្លងទៅ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអាណត្តិទី៧នេះ បានកំណត់វិស័យអប់រំ ជាអាទិភាពដ៏សំខាន់បំផុតមួយ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងចីរភាព តាមរយៈការលើកកម្ពស់ សមត្ថភាពគ្រូបង្រៀន ការផ្តល់បរិក្ខារសិក្សា ទាន់សម័យ ការសាងសង់ និងការជួសជុលអគារសិក្សាថ្មីៗ ទូទាំងប្រទេស ដើម្បីធានាថាសិស្សានុសិស្ស គ្រប់ទីកន្លែងមានឱកាស ទទួលបានការអប់រំដូចៗគ្នាប្រកបដោយគុណភាព។

លោកជំទាវបណ្ឌិតបានបញ្ជាក់ថា ជាក់ស្តែងអគារសិក្សាថ្មីខាងលើនេះ ជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ និងការរួមចំណែកយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលជាគ្រឹះនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

លោកជំទាវបណ្ឌិត លើកឡើងបន្ថែមថា ដោយឡែកនៅខេត្តកំពង់ធំ យើងក៏មិនអាចបំភ្លេចបាននូវគុណូបការៈនិងការលះ បង់ដ៏ធំធេងរបស់លោក ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាអតីតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំ និងតែងតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត កសាងសមិទ្ធផលជាច្រើននៅក្នុងខេត្ត ឱ្យមានការរីក ចម្រើន។ ចំពោះគោលបំណងធំរបស់ឯកឧត្តម ក្នុងនាមអ្នកខេត្តកំពង់ធំ គឺដើម្បីផ្ដល់នូវលទ្ធភាពខ្ពស់បំផុត ដើម្បីសិស្សានុសិស្សបានសិក្សា រៀនសូត្រ ក្លាយជាអ្នកចេះដឹង ដើម្បីបម្រើផលប្រយោជន៍ដល់សង្គមជាតិ។

លោកជំទាវបណ្ឌិតបានលើកទឹកចិត្ត លោកគ្រូ-អ្នកគ្រូ បន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិធីសាស្ត្របង្រៀន ជាពិសេសប្រើប្រាស់បច្ចេកវិទ្យា និងបញ្ចូលការយល់ដឹងជាមូលដ្ឋាន ពីបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងកម្មវិធីសិក្សា ដើម្បីឱ្យកុមារបន្សំខ្លួនទៅនឹងការវិវត្ត នៃពិភពលោកសម័យទំនើប។

លោកជំទាវបណ្ឌិត ក៏បាននាំយកនូវអំណោយ និងប្រាក់ឧបត្ថម្ភ ចែកជូនលោកគ្រូ-អ្នកគូ អ៊ំ ពូ មីង អាណាព្យាបាលសិស្ស បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបប្រមាណ៣៥៤នាក់រួមមាន ឧបត្ថម្ភសាលាបឋមសិក្សាចំបក់ខាងត្បូងចំនួន២លានរៀល,
ការិយាល័យអប់រំ យុវជន និងកីឡាស្រុក រដ្ឋបាលស្រុក ឃុំ មេភូមិ លោកគ្រូ-អ្នកគ្រូ សរុប៦១រូប ក្នុងម្នាក់ៗទទួលបានសារុង១ និងថវិកា៣ម៉ឺនរៀល, ឧបត្ថម្ភអាណាព្យាបាលសិស្ស និងបងប្អូនប្រជាពលរដ្ឋចំនួន១៥០រូប ក្នុងម្នាក់ៗទទួលបានសារុង១ និងថវិកា២ម៉ឺនរៀល និងឧបត្ថម្ភសិស្សានុសិស្សថ្នាក់ទី៤ ដល់ទី៦ ចំនួន១៤៣រូប ក្នុងម្នាក់ៗទទួលបានឃីត១កញ្ចប់ និងថវិកា១ម៉ឺនរៀល។

នៅថ្ងៃដ៏ដែលនេះលោកជំទាវបណ្ឌិត ជា សិរី ក៏បានអញ្ជើញទៅប្រគល់ផ្ទះថ្មី ចំនួន៣ខ្នង ជូនដល់គ្រួសារខ្វះខាតដែលជាស្រ្តីមេម៉ាយ រស់នៅក្នុងឃុំតាំក្រសាំង ស្រុកសន្ទុក និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែ និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ចំណងដៃថ្ងៃឡើងផ្ទះថ្មីនោះផងដែរ៕