ឯកឧត្តម ប៉េង ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចពិភាក្សារវាងរដ្ឋ និងវិស័យឯកជន លើប្រធានបទស្តីពី ការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឧកញ៉ា សមាជិក សមាជិកា នៃគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង តំណាងសមាគមដឹកជញ្ជូន ក្រុមហ៊ុនផ្គត់ផ្គង់យានយន្តអគ្គិសនី ប្រតិបត្តិករ និងវាគ្មិនកិត្តិយសជាច្រើនរូប។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋ និងវិស័យឯកជន តាមរយៈការផ្លាស់ប្តូរយោបល់គ្នា ការស្វែងយល់ពីការចូលរួមចំណែករបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងវិស័យយានយន្តអគ្គិសនី ការទទួលយកនូវតម្រូវការជាក់ស្តែង បញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន សំដៅជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែមានសន្ទុះកើនឡើងខ្លាំងបន្ថែមទៀត។
ស្របតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០ និន្នាការនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាយើង កំពុងមានកំណើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែង គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ ការចុះបញ្ជីយានយន្តអគ្គិសនីនៅទូទាំងប្រទេសសរុបមានចំនួន ២០ ៦០០ គ្រឿង ដែលក្នុងនោះរួមមាន រថយន្តចំនួន ១៥ ២៣៩ គ្រឿង ត្រីចក្រយានយន្តចំនួន ៨៦២ គ្រឿង និងទោចក្រយានយន្តចំនួន ៤ ៤៩៩ គ្រឿង។ គិតត្រឹមតែ ៦ខែ ដើមឆ្នាំ២០២៦ ការចុះបញ្ជីរហូតដល់ ៧ ៦៣២ គ្រឿង ដែលមានអត្រាកំណើនប្រមាណ ១៣៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕



















