ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្ដាញកសិករតេជោ បានជំរុញឱ្យប្រជាកសិករនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវប្តូរទម្លាប់នៃ ការធ្វើកសិកម្មបែបថ្មី ក្នុងនោះគួររួមគ្នាចងក្រងក្រុមផលិត ទាំងបច្ចេកទេស និងទីផ្សារ ព្រមទាំងងាកប្រើប្រាស់ឥណទានរបស់ ធនាគារARDB ដើម្បីជួយពង្រីកអាជីវកម្មឲ្យកាន់តែរីកចម្រើន។
ការជំរុញរបស់ឯកឧត្តមបណ្ឌិតបណ្ឌិត កៅ ថាច ធ្វើឡងើក្នុងពិធីចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង, លោក ទូច លីហួច អភិបាលរងក្រុងកំពង់ឆ្នាំង ថ្នាក់ដឹកនាំ និងមន្ត្រីកសិកម្ម អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មព្រមទាំងប្រជាកសិករសរុបប្រមាណ ២០០នាក់។
ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងឲ្យដឹងថា ដំណើរចុះជួបកសិករនាពេលនេះ គឺដើម្បីផ្សព្វផ្សាយព័ត៌មានអំពីសមាគមបណ្ដាញកសិករតេជោ និងកម្មវិធីឥណទានរបស់ ARDB ដែលជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមានអត្រាការប្រាក់ទាប ជាពិសេសខេត្តកំពង់ឆ្នាំង មានសក្តានុពលលើវិស័យកសិកម្មរួមមាន ការដាំបន្លែ ការចិញ្ចឹមត្រី ការចិញ្ចឹមគោ មាន់ ទា និងការប្រកបរបរកសិកម្មចម្រុះ កំពុងតែបង្កើនប្រាក់ចំណូលដល់គ្រួសារពលរដ្ឋផងដែរ។
ឯកឧត្តមបណ្ឌិតប្រតិភូបានចាត់ទុកថា ការលើកកម្ពស់ជីវភាពប្រជាកសិករ គឺជាអាទិភាពរបស់រាជរដ្ឋាភិបាល ចាប់តាំងពីសម័យសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីដែលបន្តរហូតដល់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយអាទិភាពជាច្រើនទៀត ដើម្បីលើកស្ទួយវិស័យកសិកម្ម និងការធានាស្ថិរភាពថ្លៃកសិផលលើទីផ្សារ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្រោយការប្រែប្រួលស្ថានភាពពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសជិតខាង រាជរដ្ឋាភិបាលបានអន្តរាគមន៍យ៉ាងសកម្ម ដើម្បីដោះស្រាយការកកស្ទះកសិផល និងស្វែងរកទីផ្សារថ្មីរបស់កសិករ។ ទន្ទឹមនឹងនេះ វិបត្តិខ្លះក៏បានបង្កើតជាឱកាសឱ្យកម្ពុជា ពង្រឹងសមត្ថភាពកែច្នៃ និងពង្រីកការនាំចេញដោយខ្លួនឯងផងដែរ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តឱ្យកសិករ ក្នុងស្រុក ដែលមានគម្រោងផលិតកម្មចង់កែច្នៃផលិតផលកសិកម្ម គឺអាចស្នើសុំឥណទានពី ARDB ក្នុងអត្រាការប្រាក់សមរម្យ ដើម្បីយកទៅពង្រីកការវិនិយោគលើការដាំដុះ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្មខ្នាតតូច និងមធ្យម។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ចំណុចសំខាន់កសិករគួរនាំគ្នាវិនិយោគលើការ ប្រើប្រាស់ផ្ទះសំណាញ់ និងបច្ចេកវិទ្យាឲ្យបានសមស្រប ដើម្បីកាត់បន្ថយហានិភ័យពី ការប្រែប្រួលអាកាសធាតុ និងជំងឺលើដំណាំ។ ការជំរុញឱ្យកសិករចូលរួម បណ្ដុះបណ្ដាលបច្ចេកទេស ឱ្យបានច្រើនមុននឹងពង្រីកការវិនិយោគ ដើម្បីធានាថា ផលិតកម្មមានគុណភាព និងមានទីផ្សារច្បាស់លាស់។
ឯកឧត្តមបណ្ឌិតប្រតិភូក៏បានអំពាវនាវ ឱ្យប្រជាកសិករប្រមូលផ្តុំគ្នាជាក្រុម ឬសហគមន៍ផលិត ដើម្បីបង្កើនបរិមាណផលិតផល ស្តង់ដារគុណភាព និងអំណាចចរចាជាមួយទីផ្សារ។ សមាគមបណ្ដាញកសិករតេជោ នឹងដើរតួនាទីជាស្ពានតភ្ជាប់រវាងកសិករ ទីផ្សារ គ្រឹះស្ថានហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋ ព្រមទាំងជាខែលការពារផលប្រយោជន៍របស់កសិករ ដើម្បីឱ្យវិស័យកសិកម្មកម្ពុជាមានការរីកចម្រើនប្រកបដោយចីរភាព៕











