ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគេនទៀនព្រះវស្សា និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ១០៨ វត្ត។ ពិធីនេះបានរៀបចំឡើងនៅវត្តតុំ ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ដោយមានការចូលរួមពីអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការជុំវិញខេត្ត យាយជី តាជី និងសិស្សានុសិស្សជាច្រើនរូប។
ក្នុងឱកាសនោះឯកឧត្តម វ៉ី សំណាង បានថ្លែងថា ការចូលកាន់ព្រះវស្សាគឺជាបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួន តាមពុទ្ធឱវាទរយៈពេល ៣ខែ។ ការប្រគេនទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យនាពេលនេះ គឺជាការគោរពប្រពៃណីសាសនា ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសម្ពុទ្ធ។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងពីការរីកចម្រើនក្នុងវិស័យពុទ្ធចក្រ ជាពិសេសសុខដុមរមនាសាសនានៅកម្ពុជា ដែលប្រជាពលរដ្ឋមានសិទ្ធិគ្រប់បែបយ៉ាងក្នុងការគោរពប្រតិបត្តិសាសនាណាមួយដែលខ្លួនពេញចិត្ត ដោយគ្មានជម្លោះឡើយ។
ឯកឧត្តមបានថ្លែងអំណរគុណចំពោះព្រះសង្ឃ និងវត្តអារាមទូទាំងខេត្តតាកែវ ដែលកន្លងមកបានផ្ដល់ការគាំទ្រ និងជួយឧបត្ថម្ភសម្ភារៈ ថវិកា ជូនរដ្ឋបាលខេត្ត ដើម្បីយកទៅផ្ដល់ជូនបងប្អូនវីរៈកងទ័ពដែលឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិមុខ។
ដើម្បីរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃក្នុងឱកាសចូលកាន់ព្រះវស្សាអស់កាលត្រីមាស ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បាននាំយកទេយ្យទាន និងគ្រឿងបរិក្ខារវេរប្រគេនព្រះសង្ឃទាំង ១០៨ វត្ត ដោយក្នុងវត្តនីមួយៗទទួលបានទៀនវស្សា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ទឹកដោះគោ ស្ករស ស្លាដក និងបច្ច័យមួយចំនួនផងដែរ៕
















