មន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សកម្ពុជា រាយការណ៍ជូនអនុប្រធានបេសកកម្មអង់គ្លេស អំពីបញ្ហាសិទ្ធិមនុស្ស ដែលបង្កឡើងពីការឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា


ឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) តំណាងឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធាន គ.ស.ម.ក. នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Abigail Fryer អនុប្រធានបេសកកម្មនៃស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងស្ថាប័នទាំងពីរ។

ក្នុងឱកាសនោះ ឯកឧត្តម កែវ សុទ្ធិ បានជម្រាបលោកស្រី Abigail Fryer អំពីសកម្មភាពឈ្លានពានរបស់ប្រទេសថៃ ការបន្តកាន់កាប់ និងការអះអាងថាជារបស់ខ្លួននូវប្រាសាទ និងដែនដីមួយចំនួនរបស់កម្ពុជា ព្រមទាំងបញ្ហាសិទ្ធិមនុស្សដែលកើតឡើងពីការឈ្លានពាននេះ។ លោកក៏បានរំលឹកពីតួនាទីដ៏សំខាន់របស់ចក្រភពអង់គ្លេសក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះ គ.ស.ម.ក. បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា តាមរយៈការចេញញត្តិថ្កោលទោស និងការដាក់ពាក្យបណ្តឹងទៅយន្តការសិទ្ធិមនុស្សអន្តរជាតិ និងតំបន់ចំនួន ៦០ច្បាប់ រួមទាំងការចុះជួយផ្ទាល់ដល់កងទ័ព និងជនភៀសសឹក។ លើសពីនេះ តាមការចាត់តាំងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គ.ស.ម.ក. បានដឹកនាំគណៈប្រតិភូអន្តរក្រសួង/ស្ថាប័នទៅបំពេញបេសកកម្មសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីបង្ហាញការពិតពីការឈ្លានពានរបស់ថៃមកលើកម្ពុជា។

ជាការឆ្លើយតប លោកស្រី Abigail Fryer បានថ្លែងអំណរគុណចំពោះព័ត៌មានដ៏មានសារៈសំខាន់ទាំងនេះ និងបានសម្តែងការសោកស្តាយចំពោះផលប៉ះពាល់ផ្សេងៗ។

លោកស្រីសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចស្វែងរកដំណោះស្រាយបញ្ហាបានឆាប់រហ័ស និងកសាងបាននូវសន្តិភាពយូរអង្វែង។

ភាគីទាំងពីរបានយល់ឃើញជារួមថា មានវិស័យអាទិភាពជាច្រើនដែលអាចសហការជាមួយគ្នា និងបានបង្ហាញសុទិដ្ឋិនិយមលើវឌ្ឍនភាពនៃចំណងទាក់ទងកាន់តែល្អប្រសើរក្នុងវិស័យសិទ្ធិមនុស្សរវាង គ.ស.ម.ក. និងចក្រភពអង់គ្លេស៕