សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចុះ MoU ជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសមាគមអតីតយុទ្ធជនខេត្តក្វាងស៉ី ប្រទេសចិន


ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគម បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) រវាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសមាគមអតីតយុទ្ធជនខេត្តក្វាងស៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងរឹតចំណងនៃកិច្ចសហការធុរកិច្ចជាមួយគ្នា បន្តជួយគាំទ្រគ្នាក្នុងស្មារតីជាភាតរភាព និងដើម្បីលើកកម្ពស់វិស័យអតីតយុទ្ធជននៃប្រទេសទាំងពីរ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនាព្រឹកថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ Fairfield by Marriott រាជធានីភ្នំពេញ។

អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តនជនកម្ពុជា បានឲ្យដឹងថា អនុស្សារណៈមួយនេះ គឺជួយគ្នាទៅវិញទៅមក ដូចជា ការកៀរគរការវិនិយោគពីប្រទេសចិនមកកម្ពុជា ពីកម្ពុជាទៅប្រទេសចិនវិញ ឬក៏អាចធ្វើអាជីវកម្មផ្សេងៗ ដូចជាកសិកម្ម ឬឧស្សាហកម្មផងដែរ។

អ្នកឧកញ៉ា ម៉ម វណ្ណឌី បានឲ្យដឹងថា តាមការគ្រោងទុក នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នឹងមានកម្មវិធីទស្សនកិច្ចទៅមូលដ្ឋាន នៅកសិដ្ឋាននិងតំបន់មានសក្តានុពលត្រៀមវិនិយោគ ជាតំបន់សេដ្ឋកិច្ចពិសេស/សួនឧស្សហកម្ម និងភូមិអតីតយុទ្ធជន ប៊ុន រ៉ានី ហ៊ុន សែន ដំណាក់ត្រយឹង ដើម្បីឲ្យគណៈប្រតិភូចិនបានឃើញដោយផ្ទាល់ ដែលអាចឲ្យពួកគាត់ឈ្វេងយល់ថា អាចវិនិយោគលើអ្វីបានខ្លះ។

សូមជម្រាបថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក ឈី ហ្វាង (Qi Fang) សមាជិកក្រុមប្រឹក្សានៃសមាគម ជីហ្វា (GIFA) និងជាប្រធានគណៈប្រតិភូសម្រាប់ក្រុមអ្នកវិនិយោគ បានដឹកនាំសហគ្រិនឆ្នើមៗ ចំនួន ៧៤នាក់ មាន ៦០ក្រុមហ៊ុន ទស្សនកិច្ចនៅកម្ពុជា ដែលមកពីតំបន់ជាច្រើនដូចជា ក្វាងស៊ី, ក្វាងទុង, ស៊ីឈួន, ហ្វូចៀន, ប៉េកាំង, ឆុងឈីង និងហុងកុង ដោយគ្របដណ្តប់លើវិស័យជាច្រើនរួមមានថាមពល និងថាមពលកកើតឡើងវិញ, យានយន្តថាមពលថ្មី និងការផលិតយានយន្ត, កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម, សុខភាព និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ, បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថល, ការផលិតបែបឧស្សាហកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការប្លង់ និងការរចនាស្ថាបត្យកម្ម, ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន (E-commerce), ឡូជីស្ទីកទំនើប និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ឧស្សាហកម្មទេសចរណ៍ និងសណ្ឋាគារ, សេវាកម្មហិរញ្ញវត្ថុ និងវិជ្ជាជីវៈផ្សេងៗទៀត៕