ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នា ដើម្បីទាក់ទាញវិនិយោគិនអាម៉េរិកមកកម្ពុជា


ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតជូនគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក (ឯកអគ្គរដ្ឋទូតចូលនិវត្តន៍) Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិនៃ US-ABC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលគណៈប្រតិភូកំពុងបំពេញទស្សនកិច្ចធុរកិច្ចជាផ្លូវការនៅកម្ពុជា។

សមាសភាពចូលរួមអមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងជំនួបនេះរួមមានឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃ ក.អ.ក. និងមានការចូលរួមផងដែរពីសំណាក់​លោកស្រី Aleksandra Zittle ភារធារី នៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនកម្រិតអន្តរជាតិដែលជាសមាជិក US-ABC ជាច្រើនស្ថាប័ន។

ជាការចាប់ផ្តើមកិច្ចសន្ទនានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅជូនចំពោះគណៈប្រតិភូ US-ABC ទាំងអស់ដែលបានមកបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា និងបានរំលេចអំពីសាវតាប្រវត្តិសាស្ត្រនៃ វិមានរាជរដ្ឋាភិបាល ដែលជាអគារទីស្តីការ ក.អ.ក. បច្ចុប្បន្ន ព្រមទាំងបានជម្រាបអំពីបេសកកម្ម ទស្សនវិស័យ និងតួនាទីស្នូលរបស់ស្ថាប័ន ក.អ.ក. ក្នុងការសម្របសម្រួល និងស្រូបទាញការវិនិយោគ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកអំពីសន្ទុះនៃការអនុម័តគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលបានកើនឡើងនិងបំបែកកំណត់ត្រាពីរឆ្នាំស្ទួន (២០២៤-២០២៥)។

ទន្ទឹមនឹងនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវលទ្ធផលផ្លែផ្កានៃបេសកកម្មគោះទ្វារទាក់ទាញនិងជំរុញវិនិយោគ នៅសហរដ្ឋអាម៉េរិកនាពេលកន្លងមក និងបានលើកឡើងដោយសង្ខេបអំពីសមិទ្ធផលការងារសំខាន់ថ្មីៗ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ ក្នុងនោះរួមមាន៖

១៖ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ (Agreement on Reciprocal Trade – ART) ដែលកម្ពុជាគឺជាប្រទេសទី១ ក្នុងតំបន់ដែលបានសម្រេចការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ,
២៖ ការចុះកិច្ចសន្យាហោះហើរតាមផ្លូវអាកាស (Air Transport Agreement /Open Skies) ដែលភាគីទាំងពីរទើបតែបានសម្រេចការចុះហត្ថលេខាកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ នៅរដ្ឋធានីវ៉ាស៊ីនតោន,
៣៖ ការសម្រេចផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុពី សាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិ (DFC) របស់សហរដ្ឋអាម៉េរិក ដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ។

ដើម្បីគាំទ្រដល់វិស័យឯកជន រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយន្តការសន្ទនា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមយ៉ាងមានប្រសិទ្ធភាព រួមានដូចជា៖ វេទិការាជរដ្ឋាភិបាល-វិស័យឯកជន (G-PSF), វេទិកាកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន (P-PSD), ពិធីទទួលទានអាហារពេលព្រឹកធុរកិច្ចរវាងរដ្ឋ និងវិស័យឯកជន(P-PSBB) ព្រមទាំងបានជម្រាបអំពីគំនិតផ្តួចផ្តើមថ្មីចុងក្រោយបង្អស់គឺកម្មវិធី “Open Day with DPM” ដើម្បីផ្តល់ឱកាសជូនវិនិយោគិនចូលជួបពិភាក្សា ប្រឹក្សាយោបល់ដោយផ្ទាល់។

បន្ថែមលើនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការធ្វើកំណែទម្រង់ផ្ទៃក្នុងយ៉ាងស៊ីជម្រៅនៅ ក.អ.ក. ដើម្បីបង្កើនឧត្តមភាពនៃការអនុវត្តការងារ ធ្វើឱ្យការផ្តល់កិច្ចសម្របសម្រួលវិនិយោគជូនវិស័យឯកជនកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងភាពទាក់ទាញខ្ពស់ សំដៅធ្វើឱ្យកាន់តែប្រសើឡើងនូវបរិយាកាសធុរកិច្ច ដើម្បីបង្កើនភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

ជាការឆ្លើយតបលោក Brian D. McFeeters ព្រមទាំងគណៈប្រតិភូ US-ABC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងការផ្តល់ព័ត៌មានស៊ីជម្រៅ ច្បាស់លាស់ និងចាំបាច់ជាច្រើនពាក់ព័ន្ធនឹងកាលានុវត្តភាព និងគោលនយោបាយវិនិយោគនៅកម្ពុជា។ គណៈប្រតិភូបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចធុរកិច្ចផ្លូវការនៅកម្ពុជានាឱកាសនេះ ដែលពិតជាបានហុចផ្លែផ្កាយ៉ាងត្រចះត្រចង់ និងបានបង្កើតនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងក្រុមហ៊ុនអាម៉េរិក និងស្ថាប័នរដ្ឋកម្ពុជា។

ក្នុងអង្គពិភាក្សាដែលប្រកបដោយភាពរស់រវើកនេះ តំណាងក្រុមហ៊ុនជាសមាជិក US-ABC បានសម្តែងនូវទស្សនៈ និងការយល់ឃើញជាវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែង និងសកម្មភាពការងារយ៉ាងសកម្មរបស់ស្ថាប័ន ក.អ.ក. តាំងពីដើមរៀងមក ព្រមទាំងបានផ្លាស់ប្តូរយោបល់ និងពិភាក្សាយ៉ាងផុលផុសអំពីទិសដៅការងារនាពេលខាងមុខ ដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ចដ៏ទូលំទូលាយរបស់កម្ពុជា។

ភាគីទាំងពីរក៏បានបង្ហាញនូវឆន្ទៈរួមយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ បង្កើតបណ្តាញទំនាក់ទំនងផ្ទាល់រវាង ក.អ.ក. និង US-ABC និងរួមគ្នាជម្រុញការផ្លាស់ប្តូរព័ត៌មានវិនិយោគជាប្រចាំ ដើម្បីទាក់ទាញវិនិយោគិនអាម៉េរិកមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ៕