ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី ១០៦៧នាក់ នៃសាកលវិទ្យាល័យជាតិមានជ័យ


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីចំនួន ១.០៦៧នាក់ នៃសាកលវិទ្យាល័យជាតិមានជ័យ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។ និស្សិតជ័យលាភីទាំងនេះរួមមាន បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលក្នុងនោះមាននិស្សិតស្រីចំនួន ៦៩១នាក់។

ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសិក្សារៀនសូត្រ និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាកត្តាចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ឯកឧត្តមបានរំលឹកពីប្រវត្តិសាស្ត្រកម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាម ប៉ុន្តែដោយសារសុខសន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានបង្ហាញនូវជំនឿជឿជាក់ចំពោះនិស្សិតជ័យលាភីទាំងអស់ ក្នុងការយកចំណេះដឹងដែលទទួលបានទៅប្រើប្រាស់សម្រាប់ប្រកបរបរចិញ្ចឹមជីវិត និងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ឯកឧត្តមបានលើកទឹកចិត្តឱ្យនិស្សិតបន្តការសិក្សា និងប្រើប្រាស់ចំណេះដឹងដើម្បីអភិវឌ្ឍខេត្ត ក៏ដូចជាប្រទេសជាតិ ជាពិសេសក្នុងវិស័យកសិកម្ម។

ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវសាកលវិទ្យាល័យជាតិមានជ័យ ឱ្យបន្តពង្រឹងកម្មវិធីសិក្សា និងចូលរួមធ្វើកំណែទម្រង់ឧត្តមសិក្សា ដើម្បីកែលម្អកម្មវិធីសិក្សាឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន ជាពិសេសកម្មវិធីសិក្សាវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។

ឯកឧត្តមក៏បានជំរុញឱ្យសាស្រ្តាចារ្យ និងនិស្សិតប្រើប្រាស់បច្ចេកវិទ្យា រួមទាំងបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនសមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់យុគសម័យឌីជីថល។ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹង និងជំនាញច្បាស់លាស់ គឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ចសង្គមកម្ពុជា៕