ថ្នាក់ដឹកនាំខេត្តសៀមរាប៖ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ ជាកត្តាគន្លឹះដ៏សំខាន់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច


ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ ជាកត្តាគន្លឹះដ៏សំខាន់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ប្រទេស ទាំងក្នុងពេលចំពោះមុខ ទាំងសម្រាប់អនាគត។

ឯកឧត្តមបន្តថា ជាពិសេស ក្នុងពេលដែលកម្ពុជាឈានចូល ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងពេលដ៏ខ្លីខាងមុខ ហើយបន្តឡើងទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ តាមចក្ខុវិស័យវែងឆ្ងាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តម លី សំរិទ្ធ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនសមណនិស្សិត-និស្សិត ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច ខេត្តសៀមរាប នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះតេជព្រះគុណ តាត មហាទី ព្រះចៅអធិការវត្តគោកធ្លក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច ខេត្តសៀមរាប។

ឯកឧត្តមបានបន្តថា ក្នុងន័យនេះ ការអភិវឌ្ឍធនធានមនុស្សពិសេសយុវជន គឺសំដៅទៅលើការកសាងសមត្ថភាពខាងចំណេះដឹង ចំណេះធ្វើ ព្រមទាំងសមត្ថភាពក្នុងការស្រាវជ្រាវ និងមនសិការស្នេហាជាតិ និងវិជ្ជាជីវៈ ដោយគ្មានការរើសអើងខាងយេនឌ័រ រួមជាមួយនឹងប្រព័ន្ធ សុវត្ថិភាពសង្គមគត់មត់ក្នុងការទទួលការអប់រំ។

ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងកំណែទម្រង់ ក្នុងនោះតាមរយៈក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តក៏បានខិតខំពង្រឹង និងអភិវឌ្ឍន៍ ព្រមទាំងធ្វើឱ្យរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ និងវិស័យសុខាភិបាល ដែលថ្មីៗនេះ ត្រូវបានគណៈកម្មាការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ វាយតម្លៃថា ជាអង្គភាពទទួលបានជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៥។

ឯកឧត្តម លី សំរិទ្ធ បានសម្តែងនូវមោទនភាពយ៉ាងខ្លាំង ចំពោះសមិទ្ធផលដ៏សំខាន់នេះ ក្នុងការរួមចំណែកលើកិច្ចការស្តារ និងអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ដែលទាំងអស់នេះ បានបញ្ជាក់ពីការផ្សារភ្ជាប់រវាងកិច្ចអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ការបម្រើសេវាសាធារណៈ ប្រសិទ្ធភាព គុណភាព និងស្ដង់ដារអប់រំដែលអាចទទួលយកបាន ក្នុងស្ថានភាពការរីកចម្រើនរបស់សង្គម។

លោកបណ្ឌិត ណេន ចិន្តា នាយកវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច បានលើកឡើងថា ដោយមានកាលើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន អតិតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធិសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តវិស័យឯកជន បានចូលខ្លួនយ៉ាងសកម្ម ក្នុងការបំរើសេវាកម្ម បណ្តុះបណ្តាលវិស័យធនធានមនុស្ស ចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា។

លោកបណ្ឌិត បានបន្ថែមថា បច្ចុប្បន្ននេះ វិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច ពង្រីកខ្លួន ដើម្បីឱ្យឆ្លើយតបជាមួយ ស្តង់ដារជាតិ និងអន្តរជាតិ នូវកម្មវិធីទំនើបនិងទាន់សម័យ។ ជារៀងរាល់ឆ្នាំសិក្សានីមួយៗ វិទ្យាស្ថានបានផ្តល់ជូនអាហារូបករណ៍ ១០០% , ៧០% ,៥០%, ៤០% ជាច្រើនកន្លែង ជូនដល់សិស្ស និស្សិត មន្រី្តរាជការ តាមរយៈលោក លោកស្រី អភិបាលនៃគណៈអភិបាលខេត្ត អភិបាលនៃគណៈអភិបាលស្រុក និងអង្គភាពផ្សេងៗទៀត។

លោកបណ្ឌិត បានបញ្ជាក់ថា ទាំងនេះហើយ ដែលជាចំណែកមួយយ៉ាងសកម្មក្នុងការលើកកម្ពស់ធនធានមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ដែលជាការចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕