អភិបាលខេត្តតាកែវ៖ មិនមានការចាក់ដីរំលោភយកដីបឹងតាកែវនោះទេ


អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានអះអាងថា មិនមានការរំលោភយកដីចំណីបឹងតាកែវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ ហើយការចាក់ដីមួយផ្នែកក្នុងបឹងតាកែវ គឺសម្រាប់កសាងប្រាសាទសេរីវិជ័យ ដែលអាជ្ញាធរខេត្ត បានបញ្ចុះបឋមសិលាសាងសង់កាលពីពេលថ្មីៗកន្លងមកនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៧ ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា ក្នុងរយៈពេលថ្មីៗនេះមានការចុះផ្សាយតាមបណ្ដាញសារព័ត៌មានមួយចំនួន ដោយបានបង្ហាញពីក្ដីបារម្ភពីការចាក់ដីមួយផ្នែកក្នុងបឹងតាកែវដែលនាំឲ្យខ្វះខាតទឹកប្រើប្រាស់ និងមានការស៊ុមគ្រលំយកដីចំណីបឹងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ឯកឧត្តមថា ការចុះផ្សាយនេះមិនមានមូលដ្ឋានច្បាស់លាស់នោះទេ ព្រោះការចាក់ដីមួយផ្នែកក្នុងបឹងតាកែវ គឺសម្រាប់ធ្វើការសាងសង់ប្រាសាទសេរីវិជ័យនៅចំកណ្ដាលបឹងតាកែវ ហើយការចាក់ដីមួយផ្នែកទៀតគឺសម្រាប់ធ្វើផ្លូវ ចូលទៅសណ្ឋាគារ លំដាប់ផ្កាយ៤របស់ក្រុមហ៊ុនវិនិយោគហើយនៅសល់ដីមួយផ្នែកទៀតសម្រាប់កសាងវេទិកាអុំទូក និងកសាងសួនច្បារលម្អសោភ័ណភាពក្រុងដូនកែវ និងសម្រាប់បងប្អូនប្រជារាស្ត្រធ្វើការដើរកម្សាន្ត និងហាត់ប្រាណផងដែរ។

ឯកឧត្តមអភិបាលខេត្តតាកែវ បានលើកឡើងថា អាជ្ញាធរខេត្តមិនអាចទុកដីចំណីបឹងមួយផ្នែកខាងលិចបឹងតាកែវឲ្យដើមឈើដុះនៅស៊ុបទ្រុបប៉ះពាល់ដល់សោភ័ណភាពក្រុងនោះទេ ហើយក៏គ្មានការរំលោភយកដីនោះធ្វើផ្ទះផ្ទាល់ខ្លួន នោះដែរ។

ក្រៅពីកសាងសមិទ្ធផលសាធារណៈនៅទីតាំងខាងលើ អាជ្ញាធរខេត្តក៏នឹងកសាងផ្លូវក្រវាត់បឹងតាកែវដែលនឹងត្រូវបានបើកការដ្ឋានជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ហើយក្រោយពីប្រាសាទសណ្ឋាគារ សួនច្បារ វេទិកាអុំទូកនិងផ្លូវក្រវាត់បឹងកសាងរួចរាល់ ខេត្តតាកែវជាពិសេសក្រុងដូនកែវនឹងក្លាយជាគោលដៅដ៏ទាក់ទាញទេសចរណ៍ជាក់ជាពុំខាន៕