ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្ត្រកង្ហត ស្ថិតក្នុងស្រុកបាណន់ និងទំនប់ស្ទាក់ទឹកមួយចំនួន ដើម្បីបន្តអន្តរាគមន៍បញ្ជូនទឹកសង្គ្រោះស្រូវរបស់ប្រជាកសិករឲ្យអស់លទ្ធភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
ឯកឧត្តម សុខ លូ បានឲ្យដឹងថា ដំណាំស្រូវដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនៅទូទាំងខេត្តបាត់ដំបងមានចំនួនប្រមាណ ១១ម៉ឺនហិកតា ហើយរហូតមកដល់ពេលនេះ ការអន្តរាគមន៍សង្គ្រោះសម្រេចបានជិត ៧ម៉ឺនហិកតា និងកំពុងបន្តសង្គ្រោះបន្ថែមទៀត។
ឯកឧត្តមអភិបាលខេត្ត ប្ដេជ្ញាបន្តអន្តរាគមន៍បញ្ជូនទឹកជួយសង្គ្រោះស្រូវឲ្យអស់លទ្ធភាព និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រង និងបែងចែកទឹកជូនបងប្អូនប្រជាកសិករ ប្រកបដោយសមធម៌ និងតម្លាភាព។
ឯកឧត្តមបានស្នើសុំការយោគយល់ពីបងប្អូនប្រជាកសិករនៅផ្នែកខាងលើដែលបានទទួលទឹកហើយ មេត្តាផ្អាកបូមទឹកសិន ដើម្បីបញ្ជូនបន្តទៅផ្នែកខាងក្រោមដែលកំពុងខ្វះទឹក។
ជាមួយគ្នានោះ ប្រជាកសិករបានបង្ហាញភាពកក់ក្ដៅ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំដែលបានចុះផ្ទាល់អន្តរាគមន៍បញ្ជូនទឹកជួយសង្គ្រោះស្រូវ។ ប្រជាកសិករមើលឃើញថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពិតជាបានយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការជួយសង្គ្រោះស្រូវរបស់ពួកគាត់អស់ពីលទ្ធភាព។
សូមជម្រាបថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម សុខ លូ ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ បានចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាកសិករ និងពិនិត្យការបែងចែកទឹកសង្គ្រោះស្រូវជាក់ស្ដែងជាបន្តបន្ទាប់ផងដែរ៕






























