សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូនអគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុនមីនេបៀរបស់ជប៉ុន ជួបសំដែងការគួរសម


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុនមីនេបៀរបស់ជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ ជំនួបធ្វើឡើងនៅវិមាន​សាមគ្គីភាព​នៃព្រឹទ្ធសភាកម្ពុជា។

ក្រុមហ៊ុនមីនេបៀ គឺជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន និងជា​ក្រុម​ហ៊ុនឈានមុខលើពិភពលោកក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងគ្រឿង​បន្លាស់​អេឡិចត្រូនិកដែលមានភាពជាក់លាក់ខ្ពស់ (Precision Components)។

ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ និង​ចាប់ផ្តើមដំណើរការផលិតនៅឆ្នាំ២០១១។ បច្ចុប្បន្ន ក្រុមហ៊ុនមីនេបៀ មាន​រោង​ចក្រផលិតនៅរាជធានីភ្នំពេញ និងកំពុងពង្រីកការវិនិយោគដោយសាង​សង់​រោងចក្រថ្មីនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្រុមហ៊ុនបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជិត ១ម៉ឺននាក់ និងបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកក្រុមហ៊ុនមីនេបៀ ប្រៀបដូចជាកូន​ដែល​បង្កើតផ្ទាល់ដៃរបស់សម្តេច ព្រោះថាមុនចូលមកវិនិយោគនៅកម្ពុជា សម្តេចបានប្រឹងប្រែងបញ្ចុះបញ្ចូល និងដាក់ចេញនូវលក្ខខណ្ឌធានាជាច្រើន ដើម្បីផ្តល់ទំនុកចិត្តឱ្យក្រុមហ៊ុនចូលមកវិនិយោគនៅកម្ពុជា៕