ទេសរដ្ឋមន្ត្រី អ៉ី ឈាន និងលោកស្រីបណ្ឌិត បាន ស្រីមុំ ឧបត្ថម្ភកន្លែងស្នាក់នៅ អាហារ និងកន្លែងផ្ញើយានជំនិះដោយឥតគិតថ្លៃ ដល់បេក្ខជនប្រឡងបាក់ឌុបនៅខេត្តប៉ៃលិន


(ប៉ៃលិន)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត បានបង្ហាញនូវសណ្តានចិត្តដ៏ប្រពៃ ដោយបានឧបត្ថម្ភគាំទ្រទាំងស្រុងនូវកន្លែងស្នាក់នៅ អាហារបីពេល និងកន្លែងផ្ញើយានជំនិះ (កង់-ម៉ូតូ) ដោយឥតគិតថ្លៃ ជូនដល់បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទូទាំងខេត្តប៉ៃលិន សម្រាប់សម័យប្រឡងនៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច បានរៀបចំយ៉ាងយកចិត្តទុកដាក់នូវកន្លែងស្នាក់នៅ អាហារបីពេល និងរថយន្តដឹកជញ្ជូនទៅមណ្ឌលប្រឡង នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន សម្រាប់បេក្ខជនដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង។ កាយវិការដ៏ថ្លៃថ្លានេះ គឺដើម្បីសម្រួលបន្ទុក និងលើកទឹកចិត្តដល់ក្មួយៗបេក្ខជន ឱ្យមានភាពកក់ក្តៅ និងផ្តោតអារម្មណ៍ពេញលេញលើការសិក្សា និងការប្រឡងរបស់ពួកគេ។

បេក្ខជនប្រឡងទាំងអស់បានសម្តែងនូវអារម្មណ៍រំភើប សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះពួកគាត់ ទាំងការរៀនបំប៉នត្រៀមប្រឡង និងការឧបត្ថម្ភដ៏សប្បុរសនេះ។ ពួកគេបានប្តេជ្ញាថានឹងខិតខំប្រឡងឱ្យទទួលបានលទ្ធផលជោគជ័យទាំងអស់គ្នា ដើម្បីឆ្លើយតបទៅនឹងទឹកចិត្តដ៏ប្រពៃរបស់ថ្នាក់ដឹកនាំខេត្ត។

សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦នេះ ខេត្តប៉ៃលិនមានបេក្ខជនប្រឡងសរុបចំនួន ១២១នាក់ ស្រី ៦៤នាក់ ដែលបែងចែកជាពីរមណ្ឌល និង ២៧បន្ទប់ប្រឡង។

ការគាំទ្រនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តក្នុងការលើកកម្ពស់វិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា។