ឆមាសទី១ CMAC ស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចេញពីបាតទន្លេបាន ៥៤១គ្រាប់ និងស្រង់បន្ទះដែកនាវាលិចបាតទន្លេបាន ១ ៦៩៦គីឡូក្រាម


(ភ្នំពេញ)៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានចូលរួមកិច្ចប្រជុំបូកសរុបការងារ កិច្ចប្រតិបត្តិការបោសសម្អាតស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងនាវាដែលបានលិចនៅបាតទន្លេប្រចាំឆមាសទី១ ឆ្នាំ២០២៦។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមការដឹកនាំដោយ នាយឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង។

ឯកឧត្តមអគ្គនាយកបានបញ្ជាក់ថា ក្នុងឆមាសទី១ (មករា-មិថុនា) ឆ្នាំ២០២៦នេះ អង្គភាព CMAC ក្នុងនាមជាសេនាធិការក្រុមការងារអន្តរក្រសួង បានអនុវត្តកិច្ចប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិច ក្នុងភូមិសាស្ត្រភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។ លទ្ធផលគួរឱ្យកត់សម្គាល់ត្រូវបានសម្រេច ដោយបានរុករកឃើញ និងស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួនសរុប ៥៤១គ្រាប់ និងស្រង់បន្ទះដែកនាវាលិចបាតទន្លេបានចំនួន ១ ៦៩៦គីឡូក្រាម។

គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៦ កិច្ចប្រតិបត្តិការនេះបានសម្រេចលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ដោយបានរុករកឃើញ និងស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន ២៦ ៩៦៧គ្រាប់ រួមទាំងបន្ទះដែកនាវា និងអំបែងយុទ្ធភណ្ឌសង្គ្រាមសរុបប្រមាណជាង ២៧៦.៧០តោន។ ក្នុងចំណោមគ្រាប់យុទ្ធភណ្ឌទាំងនេះ ១៥ ១៩១គ្រាប់ត្រូវបានកម្ទេចចោល និង ៨ ២៤៦គ្រាប់ត្រូវបានដោះបន្សាបដោយជោគជ័យ។

ការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់បំណែកនាវាដែលលិចនៅបាតទន្លេនេះ មិនត្រឹមតែបានលុបបំបាត់ហានិភ័យដែលបន្សល់ពីសង្គ្រាម និងការពារសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍ ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវទន្លេ និងផ្លូវសមុទ្រ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេស។

ការបោសសម្អាត និងបើកផ្លូវទឹកឱ្យមានសុវត្ថិភាព ក៏បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ការធ្វើពាណិជ្ជកម្ម ការនេសាទ ទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុវត្ថិភាព និងការអភិវឌ្ឍប្រទេសជាតិ៕