ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយមធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Vaisala ក្នុងទីក្រុងហែលស៊ិនគី ប្រទេសហ្វាំងឡង់


ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វាំងឡង់ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Vaisala ក្នុងទីក្រុងហែលស៊ិនគី។

ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Panu Partanen អនុប្រធានក្រុមហ៊ុន Vaisala ទទួលបន្ទុកផ្នែកអាកាសធាតុ ថាមពលនិងបរិស្ថាន ដើម្បីស្វែងយល់ពីបច្ចេកវិទ្យានិងបទពិសោធន៍ក្នុងការផលិតប្រព័ន្ធរ៉ាដា និងធ្វើទស្សនកិច្ចនៅរោងចក្រដំឡើងឧបករណ៍ជលសាស្ត្រ-ឧតុនិយម និងរ៉ាដារបស់ក្រុមហ៊ុន។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថ្នាក់ដឹកនាំក្រុមហ៊ុន Vaisala ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើទំនើបកម្មសេវាឧតុនិយម និងជលសាស្ត្ររបស់ខ្លួន ដើម្បីពង្រឹងការព្យាករអាកាសធាតុ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការគ្រប់គ្រងធនធានទឹក និងភាពធន់នៃអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះផ្តល់នូវឱកាសដ៏ល្អមួយដើម្បីស្វែងយល់កាន់តែច្បាស់អំពីបច្ចេកវិទ្យារបស់ក្រុមហ៊ុន Vaisala ស្តង់ដារផលិតកម្ម ការធានាគុណភាព និងការគាំទ្រប្រតិបត្តិការរយៈពេលវែង។ ជាពិសេស ការរៀនសូត្រពីបទពិសោធន៍អន្តរជាតិ និងរបៀបដែលបច្ចេកវិទ្យារបស់ក្រុមហ៊ុនអាចរួមចំណែកដល់ការពង្រឹងសេវាឧតុនិយមជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ ក៏ដូចជាលើកទឹកចិត្តដល់ក្រុមហ៊ុនចូលរួមក្នុងគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍នាពេលខាងមុខ តាមរយៈដំណើរការផ្គត់ផ្គង់ដែលមានតម្លាភាព និងប្រកួតប្រជែង ហើយដែលនឹងរួមបញ្ចូលផងដែរនូវការចែករំលែកចំណេះដឹង ការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព និងការគាំទ្របច្ចេកទេសរយៈពេលវែង ដែលមានសារៈសំខាន់សម្រាប់ការពង្រឹងសមត្ថភាពស្ថាប័នរបស់ប្រទេសកម្ពុជា និងធានាបាននូវនិរន្តរភាពនៃការវិនិយោគ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Vaisala បានបង្កើតឡើងក្នុងឆ្នាំ១៩៣៦ មានបុគ្គលិកសរុបជាង ១៩០០នាក់ និងមានការិយាល័យជាង ៣០ នៅជុំវិញពិភពលោក។ នៅប្រទេសកម្ពុជា ក្រុមហ៊ុន បានដំឡើង Doppler Rada កម្រិត X-band ដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគាំទ្រដល់សេវាកម្មអាកាសចរណ៍៕