ឯកឧត្តម ចាយ បូរិន និងលោកជំទាវ អញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ៤ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ខេត្តកំពង់ចាម


(ខេត្តកំពង់ចាម) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្ត្រា ព្រមទាំងបុត្រា បុត្រី អញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ៤ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ស្ថិតនៅសង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ព្រមទាំងលោកយាយ លោកតា យ៉ងច្រើនកុះករ ។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បុណ្យចូលព្រះវស្សា គឺជាបុណ្យមួយដែលមានសារសំខាន់ណាស់ខាងផ្នែកព្រះពុទ្ធសាសនា ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់បញ្ញត្តិក្នុងព្រះវិន័យឱ្យភិក្ខុទាំងឡាយគង់ចាំព្រះវស្សារយៈពេល៣ខែ”។នៅក្នុងអំឡុងពេលចូលព្រះវស្សា ទាំងព្រះសង្ឃ (អ្នកបួស) និងឃរាវាស(គ្រហស្ថ ឬពុទ្ធបរិស័ទ) សុទ្ធតែមានភារកិច្ចរៀងៗខ្លួន ដែលត្រូវបំពេញ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា និងអភិវឌ្ឍផ្លូវចិត្ត។សម្រាប់ព្រះសង្ឃជាពេលវេលាបានសម្ងំអប់រំចិត្ត និងមានឱកាសពេញលេញក្នុងការសិក្សាទាំងគន្ធធុរៈ និងវិបស្សនាធុរៈ ពិភាក្សាធម៌វិន័យ ជម្រះនូវកិលេសតាមរយៈការចម្រើនសមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន និងសម្តែងធម៌ទេសនាទូន្មានដល់ពុទ្ធបរិស័ទដែលអញ្ជើញមកវត្ត ឱ្យស្គាល់បាបបុណ្យ គុណទោស។ ចំណែកឃរាវាស ជាឱកាសមាសក្នុងការសន្សំមហាកុសល ព្រោះបានធ្វើតួនាទីជាពុទ្ធសាសនូបត្ថម្ភ(ទាយក) ក្នុងការផ្គត់ផ្គង់ចង្ហាន់ ទេយ្យទាន និងគ្រឿងសក្ការបូជាផ្សេងៗ ដើម្បីឱ្យព្រះសង្ឃគង់ចាំព្រះវស្សាមានភាពសប្បាយក្នុងការប្រព្រឹត្តកិច្ចវត្តប្រតិបត្តិផ្សេងៗ។ ដូច្នេះ ការនាំទៀនវស្សាមកប្រគេនដល់ព្រះភិក្ខុសង្ឃនៅតាមបណ្តាវត្តនាថ្ងៃនេះ មិនត្រឹមតែជាការអភិរក្ស ថែរក្សាប្រពៃណីព្រះពុទ្ធសាសនាឱ្យគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍ប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមគាំទ្រដល់ជីវភាពរស់នៅ ការសិក្សា ការប្រតិបត្តិរបស់ព្រះសង្ឃផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរដល់ព្រះគ្រូចៅអធិការគ្រប់វត្តនៅក្នុងរដូវចូលព្រះវស្សានេះ បន្តយកព្រះទ័យទុកដាក់ខ្ពស់ ពង្រឹងសាលាពុទ្ធិកសិក្សាគ្រប់កម្រិតទាំងស្មារតី និងធនធាន ធ្វើយ៉ាងណាឱ្យពុទ្ធិកសិក្សាគ្រប់កម្រិតឈានឆ្ពោះទៅរកវឌ្ឍនភាពទាំងបរិមាណ និងគុណភាព ហើយត្រូវសហការដោះស្រាយរាល់បញ្ហា និងអធិករណ៍ផ្សេងៗ ដែលកើតមាននៅតាមវត្តអារាមនីមួយៗទៅតាមយន្តការធម៌វិន័យ និងច្បាប់រដ្ឋ ដើម្បីធ្វើឱ្យវត្តអារាមក្លាយទៅជាបូជនីយដ្ឋាន ជាបុញ្ញខេត្ត ស្របតាម អភិក្រម ស៣ គឺ ១.វត្តស្អាត ២.វត្តស្វាង ៣.វត្តស្ងប់ របស់ក្រសួងធម្មការនិងសាសនា និងសក្ដិសមជាទីសក្ការបូជារបស់ព្រះសង្ឃ និងពុទ្ធបិរស័ទគ្រប់មជ្ឈដ្ឋាន។
ជាងនេះទៀត ត្រូវបន្តយន្តតាមដានត្រួតពិនិត្យ ទប់ស្កាត់រាល់សកម្មភាពប្រព្រឹត្តខុសធម៌វិន័យនិងច្បាប់រដ្ឋរបស់ព្រះភិក្ខុ សាមណេរ ដូចជា ការប្រើប្រាស់ បណ្តាញសង្គមក្នុងផ្លូវអវិជ្ជមាន ការយកវត្តអារាមធ្វើជាកន្លែងឆបោក ការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងហ្គេមអនឡាញជាដើម ដើម្បីចូលរួមអនុវត្តគោលនយោបាយ និងវិធានការរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីលុបបំបាត់ និងបោសសម្អាត Online Scams ។ ព្រោះសកម្មភាពទាំងនេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណតម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយល្អសង្គម។
ព្រះសច្ចបិយោ សា វិរៈ ព្រះចៅអធិការ ព្រះសង្ឃ គ្រប់ព្រះអង្គនា វត្តខេមវ័ន (ហៅវត្តបឹងស្នាយ) បានអារាធនាប្រសិទ្ធពរជូន ឯកឧត្តម ចាយ បូរិន និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងមន្រ្តីរាជការរបស់ក្រសួងធម្មការនិងសាសនាទាំងអស់ សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ និងសម្រេចគ្រប់ភារកិច្ចការងារ ព្រមទាំងសូមឧទ្ទិសនូវមហាកុសល ជូនចំពោះ ដួងវិញាក្ខន្ធមហាឧបាសកឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអុី ត្រូវជាលោកឪពុកបង្កើតរបស់ ឯកឧត្តម រដ្ឋមន្ត្រី ព្រមទាំងឧទ្ទិសនូវមហាកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតាជីដូនជីតា ញាតិការទាំង៧សន្តាន ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ដែលបានចែកឋានទៅ សូមដួងវិញាណក្ខន្ធអ្នកទាំងអស់នោះគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគេនទេយ្យទានដល់វត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ទទួលបាន៖ ទៀន១គូរ ,សាដក៧, អង្ករ១០០០គ.ក , មី ២០កេះ, ទឹកត្រី១៤យួរ, ទឹកបរិសុទ្ធ៧កេស, ផ្លែល្មើរ៧កេសនិងប្រគេនបច្ច័យដល់ព្រះសង្ឃ៧ព្រះអង្គ ,ជូន បច្ច័យមួយចំនួនតាជី យាយជី២១០នាក់ ម្នាក់ៗ ទទួលបានក្រមា១ ថវិកាមួយចំនួន ព្រមទាំងបានប្រគេនពរ និងជូនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ លោកតា លោកយាយ និងប្រជាពលរដ្ឋ សូមប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការដទៃឡើយ ៕