ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរចុះពិនិត្យស្ថានភាពទឹកនៅអាងទឹកពហុបំណងបាត់ដំបង (សេកសក) ប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ ការបញ្ជូនទឹកសង្រ្គោះស្រូវនៅស្រុកថ្មគោល និងស្រុកបាណន់ និងការបូមទឹកសង្រ្គោះស្រូវនៅស្រុកបវេល។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ដំណាំស្រូវដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនៅទូទាំងខេត្តបាត់ដំបងមានចំនួនប្រមាណ ១៣ម៉ឺនហិកតា ហើយរហូតមកដល់ពេលនេះការអន្តរាគមន៍សង្រ្គោះសម្រេចបានជាង ៧ម៉ឺនហិកតា និងកំពុងបន្តសង្រ្គោះបន្ថែមទៀត។ លោកបានបញ្ជាក់ឱ្យដឹងបន្ថែមថា អាងកំពីងពួយដែលអាចស្តុកទឹកបានប្រមាណ ១៤០លានម៉ែត្រគូប បច្ចុប្បន្នមានទឹកតែប្រមាណ ៤លានម៉ែត្រគូបតែប៉ុណ្ណោះ ខណៈទឹកដែលមានទាំងអស់ត្រូវបានបើកបញ្ជូនទៅសង្រ្គោះស្រូវឱ្យអស់លទ្ធភាព និងតាមលក្ខណៈបច្ចេកទេស។
ឯកឧត្តមអភិបាលខេត្ត ប្ដេជ្ញាបន្តអន្តរាគមន៍បញ្ជូនទឹកជួយសង្រ្គោះស្រូវឱ្យអស់ពីលទ្ធភាព និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តយកចិត្តទុកលើការងារគ្រប់គ្រង និងបែងចែកទឹកជូនបងប្អូនប្រជាកសិករប្រកបដោយ សមធម៌ និងតម្លាភាព។ សហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តដែលបានចុះផ្ទាល់អន្តរាគមន៍បញ្ជូនទឹកជួយសង្រ្គោះស្រូវកសិករអស់ពីលទ្ធភាព និងជួយសង្រ្គោះបានមួយផ្នែកធំផងដែរ។
សូមជម្រាបថា អនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ បានចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាកសិករ និងពិនិត្យការបែងចែកទឹកសង្រ្គោះស្រូវជាបន្តបន្ទាប់។
កិច្ចខិតខំប្រឹងប្រែងនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ៕





























