ក្រសួងបរិស្ថាន និង GGGI បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ


វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

កិច្ចព្រមព្រៀងបន្តកិច្ចសហប្រតិបត្តិការ ដើម្បីអនុវត្តផែនការលើកិច្ចការបរិស្ថាន នៅក្នុងប្រទេសកម្ពុជា ឆ្នាំ២០២៦-២០២៨ (Country Planning Framework 2026-2028) ត្រូវបានចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក Sang-Hyup Kim នាយកប្រតិបត្តិវិទ្យាស្ថាន GGGI នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

ផែនការនេះផ្តោតសំខាន់លើការជំរុញសកម្មភាពជាក់ស្តែងឆ្ពោះទៅកំណើនសេដ្ឋកិច្ចបៃតង ពង្រីកភាពបៃតង តាមរយៈការការពារធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសលើការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយអនុលោមតាមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីឈានទៅសម្រេចគោលដៅយុទ្ធសាស្រ្តធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិទ្យាស្ថាន GGGI ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងបរិស្ថាន ដើម្បីរួមចំណែកធ្វើឱ្យកម្ពុជាមានភាពស្អាត បៃតង និងចីរភាព កាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងកសាងភាពធន់ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

លោក Sang-Hyup Kim ក៏បានសម្តែងការកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការជំរុញចក្ខុវិស័យបរិស្ថានរបស់កម្ពុជា ឆ្ពោះទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

វិទ្យាស្ថាន GGGI ប្តេជ្ញាបន្តរួមចំណែកដល់យុទ្ធសាស្រ្ត​ «ស្អាត បៃតង និងចីរភាព» របស់ក្រសួងបរិស្ថាន រួមមានការដាំដុះព្រៃឈើឡើងវិញ និងការរៀបចំគម្រោងពាណិជ្ជកម្មកាបូន៕