សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសជំហរថ្មីថា កម្ពុជាមិនមានការបង្រួមក្រសួងស្ថាប័ននោះទេ ហើយសម្តេចបានអំពាវនាវឱ្យឈប់ជជែករឿងរំលាយក្រសួងតទៅទៀត។
ការបញ្ជាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីមានការជជែកដេញដោលជាបន្តបន្ទាប់ ក្នុងរង្វង់បណ្ឌិតបញ្ញវន្ត និងអ្នកប្រើប្រាស់បណ្តាញសង្គមថា កម្ពុជានឹងមានការបង្រួមក្រសួងស្ថាប័ន ដែលមានមុខងារជាន់គ្នា នៅថ្ងៃខាងមុខ។
សម្តេចនាយករដ្ឋមន្រ្តី បានចាត់ទុកថា ការបំផុសបំផុលអំពីការបង្រួមក្រសួងស្ថាប័ន បានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់មន្ត្រីរាជការ ហើយក៏ជាព័ត៌មានមិនពិតផងដែរ ដែលសម្តេចត្រូវយកឱកាសនេះបញ្ជាក់ឱ្យច្បាស់។
សម្តេចបញ្ជាក់ដូច្នេះថា «អត់មានទេ ! សូមឱ្យមានភាពនឹងន៎ គោលនយោបាយកែទម្រង់ យើងបានដាក់ចេញហើយ ហើយគ្មាននរណាកែទម្រង់១ថ្ងៃ តាមការនឹកឃើញនោះទេ ខ្ញុំដឹងថា នៅវៀតណាម មុននឹងកែទម្រង់នេះ គាត់សិក្សា យូរដែរហើយ ក្នុងការកែទម្រួលពីលើដល់ក្រោម ដូចជាកាត់ថ្នាក់ស្រុកមួយចោលទៀត»។
សម្តេចបានពន្យល់បន្ថែមថា ការកែទម្រង់ត្រូវការសិក្សាអំពីផលប៉ះពាល់។ ប្រទេសផ្សេងៗដែលកែទម្រង់នេះក៏ដូចគ្នា ចំណែកកម្ពុជាគឺយើងត្រូវការពង្រឹងក្រសួងស្ថាប័ន។ សម្តេចបញ្ជាក់បន្ថែមថា ការលើកយោបល់សម្តេចទទួលយក ប៉ុន្តែរបៀបធ្វើការងារក្នុងប្រទេសនីមួួយៗគឺមិនដូចគ្នាទេ។ សម្តេចបានលើកឡើងថា នៅប្រទេសមួយចំនួន ក្រសួងពាណិជ្ជកម្ម នៅជាមួយក្រសួងការបរទេសមានអូស្រ្តាលីជាដើម ដោយសារតែគោលនយោបាយដើរជាមួយគ្នា។ ចំណែកប្រទេសខ្លះទៀត ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បែរជានៅជាមួយគ្នាទៅវិញ។
សម្តេចបានបញ្ជាក់បន្ថែមទៀតថា រឿងមិនពិតនេះបើយើងមិនបកស្រាយទាន់ពេលទេ គឺនឹងធ្វើឱ្យមានការជ្រួលច្របល់។ សម្តេចបានអំពាវនាវឱ្យឈប់ជជែកអំពីការបង្រួមក្រសួង ដែលពេលនេះកម្ពុជាប្រកាន់យកនូវការពង្រឹងក្រសួងស្ថាប័នតែប៉ុណ្ណោះ៕









































