(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំស្ដីពីការអនុវត្តភារកិច្ចរបស់អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ប្រកបដោយសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ ពិសេសគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានសម្រាប់បេក្ខជន មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជន។
សេចក្ដីណែនាំរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់អាជ្ញាធរដែនដី ក្នុងការជួយសម្រួលដល់គណៈមេប្រយោគ និងគណៈកម្មការប្រឡង។ មុនដំណើរការសំណេរ អភិបាលត្រូវជួយសម្រួលដល់ការដឹកជញ្ជូនហឹបប្រធានវិញ្ញាសាប្រឡងពីក្រសួងអប់រំ យុវជន និងកីឡា ទៅកាន់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ជាមួយគ្នានេះ ត្រូវចាត់មន្ត្រីទទួលបន្ទុកថែរក្សា ប្រគល់ ទទួលហឹបប្រធានវិញ្ញាសា និងហឹបដុំកិច្ចការបេក្ខជន ព្រមទាំងទទួលខុសត្រូវលើសុវត្ថិភាពហឹបទាំងនោះក្នុងអំឡុងពេលផ្ញើ។
បន្ថែមពីនេះអភិបាលត្រូវចាត់កម្លាំងចូលរួមរក្សាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការរក្សាទុកដាក់ហឹបប្រធានវិញ្ញាសា និងហឹបដុំកិច្ចការបេក្ខជននៅតាមសាលារាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌគោលដៅ។ នេះរួមបញ្ចូលទាំងការអមដំណើរគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី ខេត្ត និងគណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌល ដើម្បីដឹកហឹបប្រធានវិញ្ញាសាទៅរក្សាទុកនៅសាលារាជធានី ខេត្ត និងបន្តទៅសាលាក្រុង ស្រុកដែលមានមណ្ឌលប្រឡង ក្រោយពីកិច្ចប្រជុំណែនាំបច្ចេកទេសបានបញ្ចប់។ ការអនុវត្តភារកិច្ចទាំងនេះ គឺដើម្បីធានាបាននូវភាពជោគជ័យ និងសុចរិតភាពនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕
ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងអប់រំ៖






