សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានថ្លែងថា ការវាស់វែង ការចុះបញ្ជី និងការចែកបណ្ណ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧។
ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញប្រគល់បណ្ណដីធ្លីជាង២ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា ការចែកបណ្ណកម្មសិទ្ធិដីធ្លីនាព្រឹកថ្ងៃនេះ ឆ្លុះបញ្ចាំងពីការវិវឌ្ឍជាក់ស្តែងនូវការអនុវត្តកម្មវិធីជាក់ស្តែងរបស់រាជរដ្ឋាភិបាល លើគោលនយោបាយដីធ្លីជូនប្រជាពលរដ្ឋ ជាពិសេសការដោះស្រាយជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋលើការកាន់កាប់មិនច្បាស់លាស់។
គិតមកដល់បច្ចុប្បន្ននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការវាស់វែងដីសរុបបានចំនួន ១៣,៩៥៦,៤៧៩ក្បាលដី ស្មើនឹង ១០៣ភាគរយ នៃក្បាលដីប៉ាន់ស្មាន, ចេញបណ្ណបន្ថែម ២លាន ៦សែនបណ្ណ សរុបចំនួន ៩,៦៤១,៨៥៧បណ្ណ ស្មើនឹង ៨៦%នៃក្បាលដីសរុប និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ៨,៧៦៥,៤១៩បណ្ណ។
ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងារវាស់វែងដីនេះ ត្រូវតែពន្លឿនឱ្យលឿនជាងមុន ដើម្បីជួយកាត់បន្ថយចំណាយទៅលើការដោះស្រាយបញ្ហាវិវាទដីធ្លី ដោយងាកមកបន្ថែមមន្ត្រីជំនាញ ឬអ្នកស្ម័គ្រចិត្ត ក្នុងការចុះទៅវាស់វែងឱ្យបានរហ័ស។
សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា៖ «បើយើងមិនពន្លឿនការវាស់វែង តួយ៉ាងចំណាយក្នុងការវាស់វែងជារឿងមួយ ប៉ុន្តែចំណាយក្នុងការដោះស្រាយបញ្ហាដោយសារការវាស់វែងយឺត ជារឿងធំ ចាយអស់ច្រើនជាង។ ដូច្នេះយើងសុខចិត្តចំណាយទៅលើការបញ្ជូនកម្លាំងបន្ថែម ហើយពេលខ្លះពួកគាត់ធ្វើការទាំងថ្ងៃសៅរ៍ថ្ងៃអាទិត្យ ព្រោះកន្លែងខ្លះបងប្អូនកម្មករកម្មការនីថ្ងៃអាទិត្យបានគាត់នៅ។ នេះបញ្ជាក់ថាកម្លាំងយើងបានធ្វើហើយ ចឹងខ្ញុំសូមអរគុណណាស់»។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការវាស់វែង ការចុះបញ្ជី និងការចែកបណ្ណ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៧៕









































