សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រកាសដាក់ចេញនូវដំណោះស្រាយចំនួន ៨ចំណុច ដើម្បីពន្លឿនបញ្ហាជាប់គាំងនៃការចេញបណ្ណកម្មសិទ្ធិអចលនទ្រព្យ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ការប្រកាសដាក់ចេញដំណោះស្រាយនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៣ ០៧៦បណ្ណ ជូនប្រជាពលរដ្ឋនៅខេត្តកណ្តាល។
បញ្ហាទាំង៨ចំណុចនេះ ត្រូវបានក្រុមការងាររបស់ក្រសួងស្ថាប័នពាក់ព័ន្ធរកឃើញ បូកផ្សំជាមួយសំណើ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាញទំនាក់ទំនងសង្គម។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងអំពីបញ្ហាដែលរាំងស្ទះលើការចេញបណ្ណកម្មសិទ្ធិ និងដំណោះស្រាយដូចខាងក្រោម៖
១- បច្ចុប្បន្នការគ្រប់គ្រងការចុះបញ្ជីដីធ្លី នៅមន្ទីរដែនដីនគរូបនីយកម្ម សំណង់រាជធានីខេត្ត មិនទាន់មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ដែលអាចគ្រប់គ្រងនូវលំហូរឯកសារ និងទិន្នន័យរួមនៅឡើយ ដែលប្រព័ន្ធទាំងនោះនៅដាច់ដោយឡែកពីភូមិបាល និងរដ្ឋបាលសូរិយោដី នៅតាមភូមិសាស្ត្ររាជធានីខេត្ត ធ្វើឱ្យថ្នាក់កណ្តាលគ្រប់គ្រងទិន្នន័យ មិនទាន់គ្រប់ជ្រុងជ្រោយ ហើយពិបាកផ្ទៀតផ្ទាត់។
ជាដំណោះស្រាយ សម្តេចត្រូវជំរុញការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យកណ្តាល ឱ្យបានឆាប់ ដើម្បីចែករំលែកទិន្នន័យមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីងាយស្រួល និងមានភាពប្រទាក់ក្រឡា ក្នុងការដំណើរការឯកសារនិមួយៗឱ្យបានឆាប់។ ថ្ងៃក្រោយនឹងងាយស្រួលផ្តល់សេវាជូនប្រជាពលរដ្ឋ នៅពេលប្រព័ន្ធទិន្នន័យមានការតភ្ជាប់គ្នានេះ។
២- អចលនទ្រព្យមួយចំនួន មិនបានផ្តល់ការសហការដោយឯកសារមួយចំនួន ម្ចាស់អចលនទ្រព្យមិនបានមកដក ដើម្បីបង់ប្រាក់ពន្ធដោយសារមិនមានលទ្ធភាពទូទាត់ប្រាក់ពន្ធ ឬម្ចាស់អចលនទ្រព្យ មិននៅក្នុងស្រុក ឬមួយចំនួនម្ចាស់អចលនទ្រព្យមិនបានផ្តល់ ឯកសារគ្រប់គ្រាន់ ហើយរដ្ឋបាលសូរិយោដី ក៏ពុំសូវបានជំរុញកិច្ចការនេះ ជាមួយច្បាស់អចលនទ្រព្យ។
ជាដំណោះស្រាយ សម្តេចណែនាំឱ្យរដ្ឋបាលសូរិយោដី ត្រូវជំរុញ និងពន្លឿននូវការដោះស្រាយចុះបញ្ជីឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព តាមរយៈការជូនដំណឹង និងទំនាក់ទំនងផ្ទាល់ទៅកាន់ម្ចាស់អចលនទ្រព្យ និងជំរុញឱ្យមកបំពេញនីតិវិធីឱ្យបានឆាប់រហ័ស។ សម្តេចជំរុញឱ្យលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ពិនិត្យមើលក្រុមការងារដៅមុខសញ្ញា អ្នកមិនទាន់មកបំពេញនីតិវិធី ត្រូវទាក់ទងពួកគាត់ឱ្យមកបំពេញឯកសារឱ្យបានឆាប់។
៣- ឯកសារមួយចំនួន ប្រជាពលរដ្ឋមានបណ្ណកម្មសិទ្ធិចាស់ ឬលិខិតផ្ទេរសិទ្ធិកាន់កាប់ ជាប់បន្ទុកធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដែលពុំអាចដកយកមកប្តូរយកបណ្ណថ្មី ដែលទើបចុះបញ្ជីដីធ្លីបាន។ ក្នុងករណីខ្លះធនាគារ ឬមីក្រូហិរញ្ញវត្ថុ ក៏អាចអនុញ្ញាតក្នុងការផ្តល់កម្ចីដោយគ្រាន់តែមានបង្កាន់ដៃ ទទួលបណ្ណកម្មសិទ្ធិ ប្រើប្រាស់ជាឯកសារធានាកម្ចី ដើម្បីដាក់បន្ទុកការខ្ចីនេះ ដែលនាំឱ្យម្ចាស់ពុំមានបង្កាន់ដៃទៅដកយកបណ្ណកម្មសិទ្ធិដែលនៅកកស្ទះនៅរដ្ឋបាលសូរិយោដី។
ដំណោះស្រាយសម្រាប់ករណីនេះ សម្តេចណែនាំឱ្យក្រសួងរៀបចំដែនដី ត្រូវពិភាក្សាជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយ និងផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋ និងធនាគារអាចធ្វើការផ្លាស់ប្តូរបណ្ណ ឬឯកសារដែលជាប់បន្ទុកមកដកយកបណ្ណកម្មសិទ្ធិ ដើម្បីបន្តសុពលភាពឯកសារធានាកម្ចីបានជាជាងទុកឱ្យមានការកកស្ទះនៅរដ្ឋបាលសូរិយោដី។
៤- ឯកសារមួយចំនួន ដែលមានដីកាអមហួសរយៈពេល៣ខែ នៃកាលបរិច្ឆេទចេញពីមន្ទីរដែនដីរាជធានីខេត្ត ដែលអនុលោមតាមច្បាប់ និងលិខិតប្បទដ្ឋានជាធរមាន ម្ចាស់កម្មសិទ្ធិត្រូវទទួលរងនូវពិន័យ ដោយត្រូវបង់ពន្ធបន្ថែមចំពោះការយឺតយ៉ាវស្មើ១០០% នៃប្រាក់ពន្ធ ដែលនាំឱ្យម្ចាស់អចលនទ្រព្យមួយចំនួនមិនមានលទ្ធភាពបង់ និងមួយចំនួនទៀតមានស្នើបញ្ជាក់ដីកាអមថ្មី ឡើងវិញពីមន្ទីរដែនដីរាជធានីខេត្ត ដែលធ្វើឱ្យយឺតយ៉ាវការងារ។
ជាដំណោះស្រាយ សម្តេចសម្រេចផ្តល់ការអនុគ្រោះព្យួរការអនុវត្តពន្ធបន្ថែម ចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រថាប់ត្រា ដែលត្រូវទទួលរងពិន័យស្មើ១០០% នៃប្រាក់ដែលត្រូវបង់ពន្ធ រហូតដល់ដំណាច់ឆ្នាំ២០២៧។
៥- ឯកសារមួយចំនួនជាការផ្ទេរសិទ្ធិកាន់កាប់បន្តដៃគ្នា ពីម្នាក់ទៅម្នាក់ច្រើនដង នៅត្រឹមឃុំសង្កាត់ ឬក្រុងស្រុកខណ្ឌ និងពុំមានលិខិតបញ្ជាក់ប្រវត្តិដីអាជ្ញាធរដែនដី ដែលម្ចាស់ចុងក្រោយត្រូវរងការបង់ពន្ធច្រើនតំណរ។ ករណីនេះសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអនុគ្រោះម្តងរួចមកហើយកាលពីឆ្នាំ២០១៨។
ដំណោះស្រាយ សម្តេចសម្រេចអនុគ្រោះសម្រាប់អ្នកដែលទិញតៗគ្នាចាប់ពីឆ្នាំ២០១៧ ដល់ចុងខែកក្កដា ឆ្នាំ២០២៦នេះ គឺបង់ពន្ធតែម្តងប៉ុណ្ណោះ សម្រាប់អ្នកផ្ទេរកម្មសិទ្ធិចុងក្រោយ។
៦- ករណីមួយចំនួនម្ចាស់កម្មសិទ្ធិទិញដី គ្មានសំណង់ និងបានផ្ទេរសិទ្ធិកាន់កាប់បន្តដៃគ្នាច្រើនតំណរ ប៉ុន្តែក្រោយមកគាត់បានសាងសង់សំណង់ ឬផ្ទះនៅលើទីតាំងដីនោះ ដែលតម្រូវឱ្យម្ចាស់កម្មសិទ្ធិបង់ពន្ធប្រថាប់ត្រា តាមសវតានិមួយៗលើដី និងរួមទាំងសំណង់ដែលទើបសាងសង់នោះ ដោយសារសំណង់នោះ មិនមានលិខិតអនុញ្ញាត ដែលជាឧបសគ្គ ក្នុងការកកស្ទះដោយម្ចាស់ចុងក្រោយ មិនព្រមទទួលការរងនូវការកំណត់ពន្ធច្រើនតំណរ។
ជាដំណោះស្រាយ សម្តេចបានឯកភាព សម្រេចអនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រា និងពន្ធលើអចលនទ្រព្យចំពោះសំណង់ ដែលចាប់ផ្តើមពីឆ្នាំសាងសង់ជាក់ស្តែង ដែលមានលិខិតអនុញ្ញាតសាងសង់ ឬមានការបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច ចាប់ពីពេលផ្ទេរសិទ្ធិដំបូងដែលអចលនទ្រព្យពុំមានសំណង់នៅឡើយ ឱ្យតែមានការបញ្ជាក់ពីសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានច្បាស់លាស់។
៧- ករណីខ្លះទៀត ការចុះបញ្ជីដីធ្លីតម្រូវម្ចាស់បង់សេវាសូរិយោដី និងសេវាផ្សេងៗ ស្របតាមប្រកាសអន្តរក្រសួងលេខ ១៨៦ចុះថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៦ ស្តីពីការផ្តល់សេវាសាធារណៈ របស់ក្រសួងរៀបចំំដែនដី។ បើទោះបីជាករណីមួយចំនួន មានឬពុំមាន ប្រាក់បង់ពន្ធប្រថាប់ត្រាក៏ដោយ ដែលប្រជាពលរដ្ឋខ្លះពុំមានលទ្ធភាពបង់ ជាហេតុនាំឱ្យមានការកកស្ទះ។ ឯកសារខ្លះទៀត ប្រជាពលរដ្ឋធ្លាប់ដាក់ស្នើសុំពីពេលមុនក្នុងអំឡុងសុពលភាពប្រកាសអន្តរក្រសួងចាស់ ដែលតម្លៃសេវាសូរិយោដីនៅមានទាប ប៉ុន្តែនិតីវិធីស្នើសុំបណ្ណកម្មសិទ្ធិត្រូវអូសបន្លាយរហូតដល់ប្រកាសអន្តរក្រសួងថ្មី ដែលមានតម្លៃខ្ពស់ជាង ដែលប្រជាពលរដ្ឋពុំមានលទ្ធភាពបង់។
ជាដំណោះស្រាយ សម្តេចឯកភាពឱ្យពិនិត្យមើលលទ្ធភាពក្នុងការពន្យារការអនុវត្តកម្រៃសេវាតាមប្រកាសអន្តរក្រសួងលេខ ១៨៦ ឬផ្តល់ការសម្រួលកម្រៃសូរិយោដីកម្រិតទាបណាមួយ ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាព ក្នុងការបង់ និងអាចបន្តដំណើរការនីតិវិធីក្នុងការទទួលយកបណ្ណកម្មសិទ្ធិនេះ។ សម្តេចណែនាំឱ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យមើលជម្រើសទាំងពីរនេះ ដើម្បីឱ្យប្រជាពលរដ្ឋធូរស្រាល ចូលមកចុះបញ្ជី។
៨- ក្រុមការងារស្នើសុំការអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់់កាប់អចលនទ្រព្យ ដែលមានប្រាក់ត្រូវបង់ពន្ធមិនលើសពី ២០លានរៀល ដែលម្ចាស់កម្មសិទ្ធិជាយោធិន ដែលចូលរួមក្នុងសមរភូមិជួរមុខ ដោយមានការបញ្ជាក់អត្តសញ្ញាណ និងតួនាទីភារកិច្ចអង្គភាពសាមី ថាពិតជាបានចូលរួមបម្រើការងារប្រយុទ្ធនៅសមរភូមិ។
សម្តេចបានសម្រេចជូនវីរកងទ័ព វីរនគរបាល ដែលបំពេញភារកិច្ចជួរមុខពិតប្រាកដ គឺមិនបាច់គិតប្រាក់ត្រូវបង់ពន្ធ២០លានរៀលនោះទេ គឺយើងអនុគ្រោះពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់់កាប់អចលនទ្រព្យទាំងអស់តែម្តង ប៉ុន្តែត្រូវមានការបញ្ជាក់ច្បាស់លាស់ អត់មានកន្ទេលធំបន្លំដេកទេ យើងអនុគ្រោះជូនតែវរកងទ័ព វរនគរបាល ដែលបានប្រយុទ្ធ និងឈរជើងត្រៀមប្រយុទ្ធផ្ទាល់ ការពារទឹកដីយើងតែប៉ុណ្ណោះ៕









































