ក្នុងដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈប្រតិភូ បានអញ្ជើញបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យយោធាវៀតណាម១០៨ ក្នុងរដ្ឋធានីហាណូយ ដើម្បីសិក្សាស្វែងយល់វិស័យសុខាភិបាល ក៏ដូចជាដើម្បីជំរុញការភ្ជាប់ទំនាក់ទំនងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋលើវិស័យសុខាភិបាល។
ឯកឧត្តមឧត្តមសេនីយ៍ទោវេជ្ជបណ្ឌិត Le huu song ប្រធានមន្ទីរពេទ្យ១០៨ បានឱ្យដឹងថាមន្ទីរពេទ្យមជ្ឈិម១០៨ ជាមន្ទីរពេទ្យធំមួយ ដែលផ្តល់សេវាសុខាភិបាលជូនថ្នាក់ដឹកនាំបក្ស រដ្ឋ យោធា របស់ប្រទេសវៀតណាមហើយក៏ទទួលព្យាបាលពលរដ្ឋទូទៅផងដែរ។ មន្ទីរពេទ្យមានវេជ្ជបណ្ឌិតជំនាញនិងឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ក្នុងការព្យាបាលជំងឺ។ ក្នុងមួយថ្ងៃមន្ទីរពេទ្យទទួលអ្នកជំងឺពី ២,០០០ ទៅ ២,៥០០នាក់ ដែលជារួមក្នុងមួយឆ្នាំទទួលអ្នកជំងឺប្រមាណ១លាន ២សែននាក់។
ក្រៅពីជាកន្លែងទទួលព្យាបាលអ្នកជំងឺ មន្ទីរពេទ្យមជ្ឈិម១០៨ ដ៏ធំនិងទំនើបនេះ បានចូលរួមបណ្តុះបណ្តាលគ្រូពេទ្យផងដែរ។ មន្ទីរពេទ្យ១០៨ ក៏មានគម្រោងធ្វើកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យនៅកម្ពុជាផងដែរ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់មន្ទីរពេទ្យក៏ដូចជាការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងការផ្តល់សេវាសុខាភិបាលជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈ បច្ចេកទេសដ៏ទំនើប និងដោយសេចក្តីមនុស្សធម៌ក្នុងការសង្រ្គោះជីវិតអ្នកជំងឺគ្រប់ប្រភេទ។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាមកកាន់ប្រទេសវៀតណាមនាឱកាសនេះ ជាការអនុវត្តតាមកុងសង់ស៊ីស ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នា ជាយុទ្ធសាស្រ្តនយោបាយ ដើម្បីឱ្យស្ថាប័ន ក្រសួង អង្គភាពទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃប្រទេសទំាងពីរពង្រឹងកិច្ចសហប្រតិបត្តិការគ្នាឱ្យចេញជាលទ្ធផលជាក់ស្តែង និងមានប្រសិទ្ធភាពបម្រើផលប្រយោជន៍ពលរដ្ឋ នៃប្រទេសទំាងពីរ។
វិស័យសុខាភិបាលដើរតួនាទីសំខាន់ណាស់ ក្នុងការភ្ជាប់ទំនាក់ទំនងពលរដ្ឋ និងពលរដ្ឋ។ ឆ្លៀតនៅក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភា ក៏បានអរគុណចំពោះបក្ស រដ្ឋ វៀតណាម ពិសេសកងទ័ពវៀតណាម ដែលបានពលីអាយុជីវិត ជួយរំដោះប្រជាពលរដ្ឋកម្ពុជាពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុលពត កាលនៅថ្ងៃ៧មករាឆ្នាំ១៩៧៩។ កម្ពុជាក៏បានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការស្វែងរកអដ្ឋិធាតុយុទ្ធជនពលីវៀតណាមនៅកម្ពុជា ផងដែរ៕
.j.jpg)



