(ភ្នំពេញ)៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យឯកឧត្តម Arif Havas Oegroseno អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារយ៉ាងស៊ីជម្រៅ។
ក្នុងជំនួបនេះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មនេះ តាមរយៈការបង្កើតយន្តការ គ.ប.ឆ.ប. និងច្បាប់ពាក់ព័ន្ធនានា ដែលបានរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការបំបែកសម្បុកឧក្រិដ្ឋជន។ ដើម្បីពង្រឹងកិច្ចការនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ និងបានស្នើឱ្យឥណ្ឌូនេស៊ី ចូលរួមគាំទ្រ និងចែករំលែកបទពិសោធន៍។
ជាការឆ្លើយតប ឯកឧត្តម Arif Havas Oegroseno បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានសហការជួយសម្របសម្រួលបញ្ជូនពលរដ្ឋឥណ្ឌូនេស៊ីដែលពាក់ព័ន្ធការឆបោកត្រឡប់ទៅប្រទេសកំណើតវិញ។
អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលប្រតិបត្តិការរបស់កម្ពុជា ក៏ដូចជាការបង្កើតច្បាប់ថ្មី ដែលជាចំណុចរបត់ដ៏លេចធ្លោ។
ឯកឧត្តមបានបញ្ជាក់ថា ឥណ្ឌូនេស៊ី ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការរួម។ លើសពីនេះ ឥណ្ឌូនេស៊ីបានគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិរបស់កម្ពុជា ដែលបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការប្រែក្លាយខ្លួនពីប្រទេសរងគ្រោះ ទៅជាប្រទេសនាំមុខគេក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ភាគីទាំងពីរបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរព័ត៌មាន និងការបណ្តុះបណ្តាលមន្ត្រីជំនាញ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាសកលនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕









