(ពោធិ៍សាត់)៖ ក្រោយពីបានបញ្ចប់បេសកកម្មចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ពានប៉េតុង ឆ្លងកាត់ស្ទឹងពោធិ៍សាត់ ក្នុងស្រុកភ្នំក្រវាញរួចមក, នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តដឹកនាំកម្លាំងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ចុះជំរុញចលនាចាក់ប៉េតុងឡប់ឡែបំពេញគំហុក សំបុកមាន់ ដើម្បីស្តារ និងសម្រួលដល់ការធ្វើដំណើរ លើកំណាត់ផ្លូវកៅស៊ូអភិវឌ្ឍន៍ជនបទ លេខ១៥៤D ក្នុងឃុំបឹងខ្នារ ឆ្ពោះទៅកាន់ឃុំមេទឹក ស្រុកបាកាន។
គិតចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦មក ក្រុមការងារបានជួយជុលគំហុក និងសំបុកមាន់ លើកំណាត់ផ្លូវខាងលើ សម្រេចបានជាង ៤គីឡូម៉ែត្រហើយ។
ការចុះជំរុញនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជាសារដាស់តឿនមួយដល់អាជ្ញាធរដែនដី ឱ្យចេះថែទាំផ្លូវដែលមានស្រាប់ ដើម្បីធានាឱ្យបាននូវការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ជូនប្រជាពលរដ្ឋបានស្រួល ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានរលូន ប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ។
ថ្លែងក្នុងសកម្មភាពដឹកនាំផ្ទាល់នៅនឹងកន្លែង ឯកឧត្តម ខូយ រីដា បានបញ្ជាក់យ៉ាងមុតមាំថា យើងមិនត្រូវគិតចាំតែថវិការបស់ថ្នាក់ជាតិធ្លាក់ពីលើនោះឡើយ ពោលគឺអាជ្ញាធរស្រុក ឃុំ និងភូមិ ត្រូវចេះរិះរកវិធីសាស្ត្រ និងបន្តចលនាដៃគូអភិវឌ្ឍន៍ ក៏ដូចជាប្រជាពលរដ្ឋ ដើម្បីរួមគ្នាចាត់វិធានការដោះស្រាយជាប្រចាំដល់បងប្អូនយើងឱ្យធ្វើដំណើរបានស្រួល។
ឯកឧត្តមអភិបាលខេត្តក៏បានបន្ថែមថា សកម្មភាពចុះអន្តរាគមន៍និងស្តារហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាគំរូដ៏មានសារសំខាន់មួយ ដែលលោកចង់បំផុសចលនាឱ្យគ្រប់ក្រុង-ស្រុកទាំងអស់ទូទាំងខេត្តពោធិ៍សាត់ ចាប់ផ្តើមធ្វើសកម្មភាពដូចឃុំបឹងខ្នារនេះដែរ សំដៅពង្រឹងកិច្ចសហការ និងស្មារតីម្ចាស់ការក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែរីកចម្រើនទ្វេដង។
ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែង ក្រោមស្មារតីសហការរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ នឹងបន្តជាកម្លាំងចលករដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕















































