(តាកែវ)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអំពាវនាវយ៉ាងទទូចដល់សិស្សានុសិស្ស និងយុវជនទាំងអស់ ឱ្យចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយពី បញ្ហាគ្រឿងញៀន ជាពិសេសត្រូវចៀសឱ្យឆ្ងាយពីសារធាតុញៀនទាំងនេះ ដើម្បីធានាបាននូវអនាគតដ៏ភ្លឺស្វាង។
ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ការពាក់ព័ន្ធនឹងគ្រឿងញៀននឹងធ្វើឱ្យអនាគតរបស់ពួកគេប្រឈមនឹងបញ្ហាធ្ងន់ធ្ងរជាក់ជាពុំខាន។
ការអំពាវនាវនេះរបស់ឯកឧត្តមអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតបំផ្លាញចោលវត្ថុតាងគ្រឿងញៀន ដែលបានរៀបចំធ្វើឡើងនៅឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា គ្រឿងញៀនគឺជាសារធាតុម្យ៉ាងដែលធ្វើឱ្យអ្នកប្រើប្រាស់វង្វេងវង្វាន់ស្មារតី ខូចសុខភាព និងអាចឈានដល់សេចក្ដីស្លាប់ទៀតផង។ ក្នុងនាមយុវជនជាទំពាំងស្នងឫស្សី មិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀននោះទេ ត្រូវជៀសឱ្យឆ្ងាយពីវា កុំចង់សាកល្បង ឬចង់ដឹងឱ្យសោះ។
ជាមួយគ្នានោះឯកឧត្តម វ៉ី សំណាង ក៏បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវចុះត្រួតពិនិត្យជាប្រចាំនៅតាមទីតាំងនានា និងធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្មនានា ដូចជាផ្ទះសំណាក់ ក្លឹបកម្សាន្ត ហាងខារ៉ាអូខេ តាមច្រកទ្វារព្រំដែន និងកន្លែងកម្សាន្តផ្សេងៗទៀត។
គោលបំណងគឺដើម្បីឱ្យពួកគាត់ចូលរួមសហការយ៉ាងសកម្មជាមួយសមត្ថកិច្ច ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត។ សកម្មភាពនេះមានគោលដៅកាត់បន្ថយ និងលុបបំបាត់រាល់សកម្មភាពលួចលាក់ កែច្នៃសារធាតុគីមីផ្សំ ការចរាចរណ៍ ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ នៅតាមមូលដ្ឋាននានាក្នុងខេត្តតាកែវ ដើម្បីសហគមន៍ គ្រួសារ និងសង្គមជាតិយើងគ្មានគ្រឿងញៀន៕
















