ខេត្តមណ្ឌលគិរី ស្វាគមន៍ក្រុមការងារ CYBERLOCOS និង MBUZISELLER ដើម្បីជំរុញវិស័យទេសចរណ៍


(មណ្ឌលគិរី)៖ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមជាមួយបងប្អូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ក្រុមការងារ CYBERLOCOS និង MBUZISELLER ដែលបានធ្វើដំណើរមកដល់ទឹកដីខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗនេះ។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងបំពេញបេសកកម្មផលិតមាតិកា និងផ្សព្វផ្សាយពីសក្តានុពលសម្រស់តំបន់ទេសចរណ៍កម្ពុជា ទៅកាន់ភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោក។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ ត្រូវបានសម្របសម្រួល និងចូលរួមយ៉ាងសកម្មពីសំណាក់ក្លឹបរថយន្តគោព្រៃមណ្ឌលគិរី ព្រមទាំងមន្ត្រីជំនាញផ្សព្វផ្សាយនៃមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ដោយបានប្រារព្ធឡើងនៅរង្វល់មូលគោព្រៃ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ក្នុងឱកាសនោះ ឯកឧត្តម គង់ គឹមនី បានសម្តែងនូវមោទនភាព និងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមការងារ CYBERLOCOS និង MBUZISELLER ដែលបានជ្រើសរើសយកខេត្តមណ្ឌលគិរី ជាគោលដៅយុទ្ធសាស្ត្រក្នុងការបោះជំហានផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ខេត្តមណ្ឌលគិរី គឺជាដែនដីជម្រកទេសចរណ៍ធម្មជាតិដ៏វិសេសវិសាល និងជាតំបន់ទេសចរណ៍បៃតងនៃភាគឦសានកម្ពុជា ដែលមានខ្យល់អាកាសបរិសុទ្ធ ព្រៃឈើក្រាស់ៗ ភ្នំតូចធំ ទឹកធ្លាក់ធម្មជាតិដ៏ស្រស់ស្អាត និងវប្បធម៌ប្រពៃណីចម្រុះជនជាតិដើមភាគតិចដ៏សម្បូរបែប។

ឯកឧត្តម គង់ គឹមនី ក៏បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា សកម្មភាពផ្សព្វផ្សាយនាពេលនេះ នឹងក្លាយជាស្ពានចម្លងរូបភាពពិតៗ និងភាពទាក់ទាញនៃសម្រស់ធម្មជាតិខេត្តមណ្ឌលគិរី ឱ្យកាន់តែស្គាល់ច្បាស់ និងសុះសាយនៅ និងជាទីទាក់ទាញលើឆាកអន្តរជាតិ។ តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារវាងអាជ្ញាធរដែនដី និងក្រុមការងារផ្សព្វផ្សាយបច្ចេកវិទ្យាឌីជីថល នឹងជួយទាក់ទាញលំហូរភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ក៏ដូចជាខេត្តមណ្ឌលគិរីកាន់តែច្រើនឡើង ដែលជាចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានសន្ទុះរីកចម្រើនជាលំដាប់៕