អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)


(បន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលឧក្រិដ្ឋជនប្រើប្រាស់រូបភាព ខ្ចីគណនីធនាគារពីសាច់ញាតិ ឬអ្នកស្គាល់គ្នា ដើម្បីផ្ទេរលុយខ្មៅចូលគណនីស្របច្បាប់ ក្នុងគោលបំណងលាងលុយ និងបំភាន់ភ្នែកសមត្ថកិច្ច។

ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសចុះផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពទីតាំងរស់នៅប្រមូលផ្តុំ សម្រាប់រដ្ឋបាលក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ឧក្រិដ្ឋជនតែងតែប្រើប្រាស់គ្រប់មធ្យោបាយអូសទាញ ដោយផ្តល់ថវិកាមួយចំនួនជាថ្នូរនឹងការខ្ចីគណនីធនាគាររយៈពេលខ្លី ដើម្បីផ្ទេរប្រាក់ដែលបានមកពីបទល្មើសឆបោក។

ឯកឧត្តម អ៊ុំ រាត្រី បានសង្កត់ធ្ងន់ថា ប្រសិនបើសមត្ថកិច្ចរកឃើញថាមានការជាប់ពាក់ព័ន្ធនឹងករណីទាំងនេះ បងប្អូនប្រជាពលរដ្ឋនឹងត្រូវប្រឈមមុខផ្លូវច្បាប់។ ដូច្នេះ ដើម្បីចៀសវាងការជាប់ពាក់ព័ន្ធដោយអចេតនា ឯកឧត្តមបានអំពាវនាវម្ដងហើយម្ដងទៀតដល់ប្រជាពលរដ្ឋ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងអាជីវកម្មដទៃទៀត ឱ្យចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា​ ប្រសិនបើមានការសង្ស័យថាទីតាំងណាមួយបង្កប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ច ដើម្បីបង្ក្រាបឱ្យបានទាន់ពេលវេលា និងធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ៕