ឯកឧត្តម អូស្មាន ហាស្សាន់ ក្រើនរំលឹកថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា បង្កើនការយកចិត្តទុកដាក់លើភារកិច្ច និងការផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យបានល្អ


ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ បន្តអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ទួលសង្កែទី១ នៅស្នាក់ការគណបក្សសង្កាត់ទួលសង្កែទី១ និងសង្កាត់ទួលសង្កែទី២ នៅស្នាក់ការគណបក្សសង្កាត់ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ពិធីចុះសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំង៧សង្កាត់ ក្នុងខណ្ឌឫស្សីកែវទាំងមូល ត្រូវបានរៀបចំធ្វើឡើងជាបន្តបន្ទាប់ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបជុំជាមួយសកម្មជនដ៏អង់អាច ដែលតែងតែខិតខំនាំមកនូវជោគជ័យជូនគណបក្សជាបន្តបន្ទាប់។ លោកបានបន្តថា ដើមឡើយលោកមានបំណងរៀបចំសំណេះសំណាលនេះរួមគ្នាទាំង៧ សង្កាត់ ក្នុងខណ្ឌឫស្សីកែវតែម្តង ប៉ុន្តែដោយគិតថា ខណ្ឌនីមួយៗ មានបញ្ហាប្រឈមផ្សេងៗ និងស្ថានភាពខុសគ្នា ទើបសម្រេចរៀបចំដាច់ដោយឡែក ដែលតម្រូវឱ្យមានការពិភាក្សា និងដោះស្រាយឱ្យបានចំគោលដៅ និងទាន់ពេលវេលា។

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងដែរថា គោលបំណង នៃការចុះជួបសំណេះសំណាលនេះ គឺដើម្បីជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងធ្វើការក្រើនរំឭកដល់ ថ្នាក់ដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ព្រមទាំងក្តាប់នូវព័ត៌មានលម្អិត និងស្ថានភាពជាក់ស្តែងតាមមូលដ្ឋាននីមួយៗ ព្រមទាំងត្រូវខិតខំលុបបំបាត់រាល់ភាពអសកម្មទាំងឡាយណាដែលកើតមានកន្លងមក ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់។

លោកសង្ឃឹម និងជឿជាក់ថា សមាជិក សមាជិកា ក៏ដូចជាក្រុមការងារគណបក្សទាំងអស់ នឹងបន្តសាមគ្គីភាព ឯកភាពគ្នាជាកម្លាំង និងជាខ្នងបង្អែកដ៏រឹងមាំរបស់ប្រជាជន ព្រមទាំងអនុវត្ត ឱ្យបានជោគជ័យនូវផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណ្តិតទី៦ នៅខែមិថុនា ឆ្នាំ២០២៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨ ខាងមុខ៕