ឯកឧត្ដម ឆាយ ប្ញទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយសាខាបក្ស ក្រុមបក្ស គ្រួសារបក្ស និងយុវជនបក្ស ចំនួន ២ ០១២នាក់ មកពីសាខាបក្សភូមិចំនួន ៨ ក្នុងឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង


ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញអធិបតីក្នុងពិធីសំណេះសំណាលជាមួយសាខាបក្ស ក្រុមបក្ស គ្រួសារបក្ស និងយុវជនបក្ស ចំនួន ២ ០១២នាក់ មកពីសាខាបក្សភូមិចំនួន ៨ ក្នុងឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានវត្តមានឯកឧត្ដមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក, ឯកឧត្តម លោក លោកស្រី ជាក្រុមការងារគណបក្សថ្នាក់កណ្ដាលនិងថ្នាក់ខេត្តចុះមូលដ្ឋានឃុំ, និងគណៈកម្មាធិការគណបក្សថ្នាក់ស្រុក ឃុំ ផងដែរ។

ពិធីសំណេះសំណាលនេះ បានរៀបចំឡើងដាច់ដោយឡែកពីគ្នានៅទីតាំងចំនួន ៤ គឺទីតាំងទី១៖ នៅបរិវេណវត្តសំប៉ាន ដែលមានសាខាបក្សភូមិចំនួន ២ចូលរួម គឺសាខាបក្សភូមិចោងម៉ោង និងភូមិពារាំង, ទីតាំងទី២៖ នៅសាលាបុណ្យខ្សែត ដោយមានសាខាបក្សភូមិចំនួន ២ចូលរួម គឺសាខាបក្សភូមិខ្សែត និងភូមិថ្មី, ទីតាំងទី៣៖ នៅទីស្នាក់ការគណបក្សឃុំចោងម៉ោង ដោយមានសាខាបក្សភូមិចំនួន ២ចូលរួម គឺសាខាបក្សភូមិដូនម៉ៅ និងស្វាយចេក, និងទីតាំងទី៤៖ នៅបរិវេណវត្តឯកលីផល ដោយមានសាខាបក្សភូមិចំនួន ២ចូលរួម គឺសាខាបក្សភូមិអលង្កែរ និងភូមិត្រពាំងជុំ។ តាមរយៈរបាយការណ៍អំពីការងារកសាងសមាជិកគណបក្សដោយ លោក លោកស្រី ប្រធាន អនុប្រធានសាខាបក្សភូមិទាំង ៨ បានបង្ហាញថា៖ (១)សាខាបក្សភូមិចោងម៉ោង មានក្រុមបក្សចំនួន ៥៧ក្រុម, គ្រួសារបក្សចំនួន ៣៧៨គ្រួសារ ដែលមានសមាជិកសរុបចំនួន ៧០៤នាក់, (២)សាខាបក្សភូមិពារាំង មានក្រុមបក្សចំនួន ៤៣ក្រុម, គ្រួសារបក្សចំនួន ២២៦គ្រួសារ ដែលមានសមាជិកសរុបចំនួន ៤៥០នាក់, (៣)សាខាបក្សភូមិខ្សែត មានក្រុមបក្សចំនួន ៥២ក្រុម, គ្រួសារបក្សចំនួន ២១៦គ្រួសារ ដែលមានសមាជិកសរុបចំនួន ៥០២នាក់, និង(៤)សាខាបក្សភូមិថ្មី មានក្រុមបក្សចំនួន ៣០ក្រុម, គ្រួសារបក្សចំនួន ១៥៥គ្រួសារ ដែលមានសមាជិកសរុបចំនួន ៣៧៣នាក់, (៥)សាខាបក្សភូមិដូនម៉ៅ មានក្រុមបក្សចំនួន ៤៥ក្រុម, គ្រួសារបក្សចំនួន ២៣៩គ្រួសារ ដែលមានសមាជិកសរុបចំនួន ៥៣៥នាក់, (៦)សាខាបក្សភូមិស្វាយចេក មានក្រុមបក្សចំនួន ៣៩ក្រុម, គ្រួសារបក្សចំនួន ២៣១គ្រួសារ ដែលមានសមាជិកសរុបចំនួន ៥០៧នាក់, (៧)សាខាបក្សភូមិអលង្កែរ មានក្រុមបក្សចំនួន ៥០ក្រុម, គ្រួសារបក្សចំនួន ២៩៨គ្រួសារ ដែលមានសមាជិកសរុបចំនួន ៦៤២នាក់, និង(៨)សាខាបក្សភូមិត្រពាំងជុំ មានក្រុមបក្សចំនួន ៤៣ក្រុម, គ្រួសារបក្សចំនួន ២៤៥គ្រួសារ ដែលមានសមាជិកសរុបចំនួន ៥២៣នាក់។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនៅតាមទីតាំងនីមួយៗ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកគណបក្សទាំងអស់ដែលតែងតែស្រឡាញ់ ជឿជាក់ និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជម្នះគ្រប់ៗអាណត្តិកន្លងមក។ ឯកឧត្តមប្រធាន បានគូសបញ្ជាក់ជូនថា ចាប់តាំងបានរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ខ្មែក្រហមនៅថ្ងៃទី៧ មករា ១៩៧៩មក គណបក្សប្រជាជនកម្ពុជា បានខិតខំស្ដារនិងអភិវឌ្ឍប្រទេសចាប់ពីចំណុចសូន្យ ព្រមទាំងបានធ្វើការបង្រួបបង្រួមជាតិឱ្យមានឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលបានអនុវត្តដោយបិតាសន្តិភាពនៃកម្ពុជាគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ លើសពីនេះទៀត គណបក្សប្រជាជនកម្ពុជា បានថែរក្សា ការពារសុខសន្ដិភាព និងស្ថិរភាពនយោបាយបានគង់វង្ស ដែលជាកត្តាអំណោយផលដល់ការអភិវឌ្ឍ និងជំរុញឱ្យសេដ្ឋកិច្ចជាតិមានកំណើនជាលំដាប់។ ឯកឧត្តមប្រធាន បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា តាមរយៈបោះឆ្នោតគាំទ្រប្រកបដោយក្ដីស្រលាញ់ និងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ បាននិងកំពុងបន្តបម្រើផលប្រយោជន៍ជូនប្រជាជន និងដោះស្រាយទុក្ខលំបាកនានា ឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ព្រមទាំងបន្ដអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ ស្របតាមកម្មវិធីនយោបាយរបស់គណបក្ស។ ក្នុងន័យនេះ ឯកឧត្តមប្រធាន បានសំណូមពរដល់សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់ បន្តចូលរួមការពារនូវសុខសន្តិភាព និងជឿជាក់លើរាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ដោយត្រូវបន្ដបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយមិនត្រូវជឿតាមការឃោសនាញុះញង់ ឬការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ក្រុមប្រឆាំងទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស។ ជាចុងបញ្ចប់ ឯកឧត្តមប្រធាន បានអំពាវនាវដល់សមាជិក សមាជិកាបក្សទាំងអស់ ឱ្យបន្ដរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងនាំគ្នាទៅចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យគណបក្សបន្ដថែរក្សាសុខសន្ដិភាព និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ឈានឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ៕