សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ដើម្បីតាមដានវឌ្ឍនភាពការ អនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង។
មានរបាយការណ៍ស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាល និងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង លើកឡើងថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង គណៈកម្មាធិការគណបក្សខេត្ត បានដឹកនាំអនុវត្តកិច្ចការពង្រឹងកម្លាំងសាមគ្គីជាតិជាធ្លុងមួយក្នុងមហាជន មន្ត្រីសាធារណៈ និងពង្រឹងកម្លាំងគណបក្ស ដើម្បីការពារឧត្តមភាពរបស់គណបក្ស ការពារទឹកដី ការពារប្រជាជន ការពារសមិទ្ធផល និងជំរុញការអភិវឌ្ឍ ឆ្លើយតបសំណូមពរពលរដ្ឋ និងបានដឹកនាំត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពអង្គការចាត់តាំងបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកស្ថាប័ន ជំនួយការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ក្រុង ស្រុក និងសាខាបក្សភូមិ ក្រុមបក្ស គ្រួសារបក្ស សមាជិកបក្ស។
ឯកឧត្តម សង្កត់ធ្ងន់ថា គណៈកម្មាធិការគណបក្សខេត្តបានខិតខំជំរុញការផ្ដល់សេវាគ្រប់វិស័យជំនាញក្នុងក្របខណ្ឌគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងខិតខំជំរុញកិច្ចអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាចាំបាច់នានា ពិសេសការអន្តរាគមន៍ជួយសង្គ្រោះដំណាំស្រូវដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ជំរុញការចែកប័ណ្ណកម្មសិទ្ធិដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាការបោះឆ្នោតថ្នាក់មូលដ្ឋានដែលស្ថិតនៅជាប់ផ្ទាល់ជាមួយប្រជាពលរដ្ឋ គឺជាដំណើរការបោះឆ្នោតដ៏មានសារសំខាន់សម្រាប់ប្រទេសជាតិ ជាពិសេសគណបក្សប្រជាជនកម្ពុជាក្នុងការបន្តគ្រប់គ្រង និងអភិវឌ្ឍន៍ប្រទេសជាតិ។
សម្ដេច ណែនាំដល់ក្រុមការងារគណបក្សត្រូវបន្តសកម្មភាពរបស់ខ្លួនក្នុងការបំពេញភារកិច្ចដែលគណបក្សបានប្រគល់ជូន និងត្រូវបន្តចុះទៅដល់មូលដ្ឋានផ្ទាល់ដើម្បីក្ដាប់ឱ្យបាននូវសភាពការណ៍ បញ្ហាប្រឈម មតិយោបល់ សំណើ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីចូលរួមដោះស្រាយបានទាន់ពេលវេលា ពង្រឹងភាពស្និទ្ធស្នាល និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះគណបក្ស។
សម្ដេច សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ក្រុមការងារគណបក្សនឹងបន្តពង្រឹងការប្ដេជ្ញាចិត្តរួមគ្នា ដើម្បីនាំមកនូវជោគជ័យយ៉ាងត្រចះត្រចង់ជូនគណបក្សក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នាពេលខាងមុខនេះ។
សូមជម្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្ដីសម្រេចកំណត់យកថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦៕





































