នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ អមដំណើរដោយលោក លោកស្រី តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ អភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានភូមិ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក អតីតយុទ្ធជន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សរុបចំនួន៤៩២នាក់។
ក្នុងឱកាសនោះ ឯកឧត្តម វង សូត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីថ្នាក់ដឹកនាំកំពូលរបស់ជាតិ ជូនដល់អាជ្ញាធរមូលដ្ឋាន និវត្តជន និងអតីតយុទ្ធជន ដោយគូសបញ្ជាក់ថា ថ្នាក់ដឹកនាំជាតិ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់មន្ត្រីរាជការ និវត្តជន និងអតីតយុទ្ធជនជានិច្ច។
ឯកឧត្តមបានគូសបញ្ជាក់ថា ការចុះជួបសំណេះសំណាលនេះ មានគោលបំណងពង្រឹងប្រសិទ្ធភាពការងារនៅមូលដ្ឋាន ដោយជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តលើកកម្ពស់ការបំពេញភារកិច្ច និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ឯកឧត្តមក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន បន្តសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដោយផ្តោតលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
ទន្ទឹមនឹងនេះ ឯកឧត្តមបានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់សួរសុខទុក្ខ និងជួយឧបត្ថម្ភគាំទ្រនិវត្តជន និងអតីតយុទ្ធជនដែលជួបការលំបាក ព្រមទាំងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ឯកឧត្តមសង្ឃឹម និងជឿជាក់ថា សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ ស្រុក ក៏ដូចជាក្រុមការងារទាំងអស់ នឹងបន្តសាមគ្គីភាព ឯកភាពគ្នាជាកម្លាំង និងជាខ្នងបង្អែកដ៏រឹងមាំរបស់ប្រជាជន ព្រមទាំងអនុវត្ត ឱ្យបានជោគជ័យនូវផែនការយុទ្ធសាស្ត្រ ដែលបានដាក់ចេញ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ នៅខែមិថុនា ឆ្នាំ២០២៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨ ខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្តម វង សូត បានឧបត្ថម្ភថវិកាជូនសាលាស្រុក១លានរៀល ប្រជាការពារ ១លានរៀល អាជ្ញាធរមូលដ្ឋាន និវត្តជន និងអតីតយុទ្ធជន ចំនួន ៤៩២នាក់ ដោយម្នាក់ៗទទួលបានថវិកា ៥០,០០០រៀល ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះការលះបង់ និងការចូលរួមបម្រើជាតិ និងប្រជាជននាពេលកន្លងមក។
ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា អមដំណើរដោយលោក លោកស្រី តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ សមាជិកក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចុះពិនិត្យ និងសិក្សាស្វែងយល់ពីការដាំដុះដំណាំក្នុងផ្ទះសំណាញ់ នៅកសិដ្ឋានត្រសក់ផ្អែមរបស់លោក លីម ផេង ស្ថិតនៅភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោក លីម ផេង បានជម្រាបជូនថា កសិដ្ឋានបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០២២ បន្ទាប់ពីបានសិក្សា និងដកស្រង់បទពិសោធន៍ពីបរទេស ព្រមទាំងអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើបក្នុងការផលិត។ បច្ចុប្បន្ន កសិដ្ឋានមានផ្ទះសំណាញ់ចំនួន ១២ខ្នង ដាំត្រសក់ផ្អែម ប៉េងប៉ោះឆឺរី ស្ពៃ ត្រកួន និងម្ទេស ដោយផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងខេត្ត និងផ្សារទំនើបនៅរាជធានីភ្នំពេញ។ ដោយសារតម្រូវការទីផ្សារមានការកើនឡើង កសិដ្ឋានគ្រោងពង្រីកផ្ទះសំណាញ់បន្ថែមចំនួន ៨ខ្នង ដើម្បីបង្កើនសមត្ថភាពផលិត និងឆ្លើយតបនឹងតម្រូវការទីផ្សារ។
ក្រោយពីបានពិនិត្យសកម្មភាពផលិតជាក់ស្តែងឯកឧត្តម វង សូត បានកោតសរសើរចំពោះការវិនិយោគ និងការអនុវត្តបច្ចេកទេសកសិកម្មទំនើប ដែលបានរួមចំណែកកាត់បន្ថយហានិភ័យក្នុងការផលិត បង្កើនគុណភាព និងសុវត្ថិភាពកសិផល ព្រមទាំងមានផែនការផលិតផ្សារភ្ជាប់ជាមួយទីផ្សារយ៉ាងច្បាស់លាស់។
ឯកឧត្តមក៏បានគាំទ្រផែនការពង្រីកកសិដ្ឋាន និងលើកទឹកចិត្តឱ្យលោក លីម ផេង បន្តចែករំលែកបទពិសោធន៍ និងបច្ចេកទេសដល់ប្រជាកសិករ និងយុវជន ដើម្បីជំរុញការធ្វើកសិកម្មតាមស្តង់ដារ និងបង្កើនការប្រកួតប្រជែងនៃផលិតផលកសិកម្មកម្ពុជា។
ឯកឧត្តម បានគូសបញ្ជាក់ថា ការធ្វើកសិកម្មប្រកបដោយប្រសិទ្ធភាព ត្រូវចាប់ផ្តើមពីការកំណត់ទីផ្សារឱ្យបានច្បាស់លាស់មុនការផលិត ដើម្បីធានាបាននូវការលក់ផលិតផល បង្កើនប្រាក់ចំណូល និងប្រាក់ចំណេញប្រកបដោយនិរន្តរភាព ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ។
ឯកឧត្តមក៏បានស្នើឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្តពង្រឹងការផ្សព្វផ្សាយ និងផ្ទេរបច្ចេកទេសកសិកម្មទំនើបដល់ប្រជាកសិករ ជំរុញការប្រើប្រាស់ពូជដែលមានគុណភាព ការគ្រប់គ្រងសត្វល្អិត និងជំងឺដំណាំតាមវិធីសាស្ត្របច្ចេកទេស ព្រមទាំងលើកកម្ពស់ការផលិតប្រកបដោយសុវត្ថិភាព គុណភាព និងនិរន្តរភាព សំដៅបង្កើនទិន្នផល បង្កើនតម្លៃបន្ថែមនៃផលិតផល និងលើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាកសិករ។
ជាការឆ្លើយតប លោក លីម ផេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម វង សូត និងគណៈប្រតិភូ ដែលបានអញ្ជើញចុះពិនិត្យ ផ្តល់ការលើកទឹកចិត្ត និងអនុសាសន៍ដ៏មានតម្លៃ ក្នុងការជំរុញការអភិវឌ្ឍការដាំដុះដំណាំក្នុងផ្ទះសំណាញ់ ឱ្យកាន់តែមានប្រសិទ្ធភាព។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ និងអ្នកប្រើប្រាស់ បន្តគាំទ្រផលិតផលកសិកម្មក្នុងស្រុក ដែលមានគុណភាព សុវត្ថិភាព និងផលិតតាមស្តង់ដារបច្ចេកទេស៕









































