គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសណ្ដែក ស្រុកបាធាយ និងប្រកាសបញ្ចូលសមាជិកសមាជិកាថ្មីចំនួន ៦៤៨នាក់ ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានប្រចាំការគណបក្សខេត្តកំពង់ចាម និងឯកឧត្តម ងួន សុជាតិ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ និងឯកឧត្តម ឌី បញ្ញា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ និងស្រុកជើងព្រៃ។
ថ្លែងសំណេះសំណាលជាមួយសមាជិក សមាជិកា នាឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់ប្រធានគណបក្សនៅមូលដ្ឋាន ក៏ដូចជាក្រុមការងារស្នូលក្នុងស្រុកបាធាយ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការចិញ្ចឹមចលនាសមាជិកបក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្ស រាល់ពេលពួកគាត់មានតម្រូវការ និងសំណូមពរ ឬជួបបញ្ហាផ្សេងៗ ពិសេសគឺត្រូវផ្សារភ្ជាប់ទៅនឹងការផ្ដល់ និងទទួលសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ក្រៅពីនោះត្រូវបន្តពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អផងដែរ។
ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ដែលត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អ រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះលើការបោះឆ្នោតនាពេលខាងមុខ។
តំណាងសមាជិកគណបក្សប្រជាជនថ្មី បានឡើងធ្វើការប្ដេជ្ញាចិត្តខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជន ជាពិសេសគឺគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យជាតិ៕














